{"asset":"news","key":"10106","locale":"km","id":"news:10106:km","entityId":"news:10106","canonicalUrl":"https://www.kps-tv.com/km/news/detail/10106","state":"ready","title":"ជញ្ជាំងជ្រុងខាងលិចខ្លោងទ្វារទន្លេអុំ ជួសជុលសម្រេចបាន ៨០% និងត្រៀមបញ្ចប់ជាស្ថាពរឆាប់ៗនេះ","summary":"គម្រោងជួសជុលពង្រឹងជញ្ជាំង និងកាំជណ្តើរជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូងក្រុងអង្គរធំ) សម្រេចលទ្ធផលបានប្រមាណ ៨០% ហើយ គិតត្រឹមខែតុលា ឆ្នាំ២០២៦ នេះ។ បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងពន្លឿនការងារដំណាក់កាលចុងក្រោយ ដើម្បីត្រៀមបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗ។","body":"គម្រោងជួសជុលពង្រឹងជញ្ជាំង និងកាំជណ្តើរជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូងក្រុងអង្គរធំ) សម្រេចលទ្ធផលបានប្រមាណ ៨០% ហើយ គិតត្រឹមខែតុលា ឆ្នាំ២០២៦ នេះ។ បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងពន្លឿនការងារដំណាក់កាលចុងក្រោយ ដើម្បីត្រៀមបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗ។\nលោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុលមកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ការងារពង្រឹងជញ្ជាំងប្រវែង ១៥ម៉ែត្រ ត្រូវបានបញ្ចប់រួចរាល់។ ចំណែកការងារដែលកំពុងបន្តរួមមាន ការបុកបង្ហាប់ដី បិទបាយអចន្លោះថ្ម និងពង្រាបដីផ្នែកខាងលើ ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យកាន់តែរឹងមាំ។ ដោយឡែក កាំជណ្តើរខាងក្នុងចំនួន ២៣កាំ ក៏ត្រូវបានរៀបចំតម្រៀបភ្ជាប់ឡើងវិញជាមួយតួជញ្ជាំង ដែលមិនត្រឹមតែជួយទល់ទ្រលំនឹងជញ្ជាំងប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សោភណភាព និងតម្លៃប្រវត្តិសាស្ត្រនៃខ្លោងទ្វារទាំងមូលផងដែរ។\n\nទាក់ទងនឹងទិដ្ឋភាពបច្ចេកទេស លោកប្រធានគម្រោងបានពន្យល់ថា ការដ្ឋានបានអនុវត្តយ៉ាងម៉ត់ចត់ទៅតាមក្បួនខ្នាតបុរាណ ដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបមួយចំនួនដើម្បីធានានិរន្តរភាពយូរអង្វែង។ ការងារនេះចាប់ផ្តើមពីការពង្រឹងគ្រឹះតាមរយៈការបុកបង្ហាប់ស្រទាប់ដីបុរាណ និងរៀបកាំជណ្តើរបន្តពីខឿនចាស់ដែលនៅសេសសល់ ដោយប្រើប្រាស់ដីឥដ្ឋបុកបង្ហាប់រួមជាមួយបាយអកំបោរជាទ្រនាប់ការពារ។\nខ្លោងទ្វារទន្លេអុំ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងរមណីយដ្ឋានអង្គរ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែឈប់ថតរូប ទស្សនាចម្លាក់កូរសមុទ្រទឹកដោះ និងឡើងទស្សនាទេសភាពលើកំពែងបុរាណ។\nលោក ម៉ៅ សុខនី បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា សមិទ្ធផលនៃការជួសជុលនេះ នឹងជួយលើកសម្រស់កំពែងអតីតរាជធានីអង្គរធំឱ្យរស់រវើកឡើងវិញ ព្រមទាំងធានាភាពរឹងមាំគង់វង្សបានរាប់រយឆ្នាំទៅមុខទៀត។ លើសពីនេះ ក្រុមការងារជំនាញក៏គ្រោងនឹងបន្តបេសកកម្មអភិរក្សនៅតាមចំណុចប្រឈមនៃខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ជាបន្តបន្ទាប់ទៀតផងដែរ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12181","languageVersionId":"4311","visibilityVersion":"4","versionToken":"a1.ARDtBqjJMi8ZgyI2vCsa6rVtrQcg8OJnuQfyn3hXXpU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-18T04:19:19Z"}