{"asset":"news","key":"10165","locale":"km","id":"news:10165:km","entityId":"news:10165","canonicalUrl":"https://www.kps-tv.com/km/news/detail/10165","state":"ready","title":"កម្ពុជា-ក្រូអាត ចាប់ដៃគ្នាលើកកម្ពស់នវានុវត្តន៍ និងសកម្មភាពមីន ឆ្ពោះទៅរកពិភពលោកប្រកបដោយសុវត្ថិភាព","summary":"នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាត បានអញ្ជើញជាសហប្រធានដឹកនាំ «កិច្ចសន្ទនាកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន» នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករពាក់ព័ន្ធជាច្រើនរូប។ ក្នុងជំនួបនោះ កម្ពុជាបានសម្តែងការអបអរសាទរចំពោះប្រទេសក្រូអាត ដែលសម្រេចបានជោគជ័យក្នុងការបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេល ៣១ ឆ្នាំ និងបានកម្ទេចមីនប្រមាណ ១០៧.០០០ គ្រាប់។","body":"នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាត បានអញ្ជើញជាសហប្រធានដឹកនាំ «កិច្ចសន្ទនាកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន» នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករពាក់ព័ន្ធជាច្រើនរូប។\n\nក្នុងជំនួបនោះ កម្ពុជាបានសម្តែងការអបអរសាទរចំពោះប្រទេសក្រូអាត ដែលសម្រេចបានជោគជ័យក្នុងការបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេល ៣១ ឆ្នាំ និងបានកម្ទេចមីនប្រមាណ ១០៧.០០០ គ្រាប់។\n\nឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ មក កម្ពុជាបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣.៥០០ គីឡូម៉ែត្រក្រឡា ព្រមទាំងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានជាង ៤ លានគ្រាប់។ បើទោះជាប្រឈមនឹងការរកឃើញយុទ្ធភណ្ឌថ្មីៗនៅតាមព្រំដែន កម្ពុជានៅតែប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ «គ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះត្រឹមឆ្នាំ២០៣៥»។\nការប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាទំនើប រូបភាពផ្កាយរណប ឧបករណ៍ចាប់សញ្ញា និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយនៅតែចាត់ទុក «កត្តាមនុស្ស» និងស្ថាប័នរឹងមាំជាស្នូលនៃជោគជ័យ។\nឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា បទពិសោធន៍របស់ក្រូអាត គឺជាមេរៀនដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការដោះស្រាយតំបន់លំបាកចុងក្រោយ និងការជួយសង្គ្រោះជនរងគ្រោះរយៈពេលវែង។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាក់ស្តែង ទាំងការចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗ។\nជាលទ្ធផល ភាគីទាំងពីរបានឯកភាពប្រែក្លាយចំណេះដឹង និងកិច្ចសហប្រតិបត្តិការទៅជាសកម្មភាពជាក់ស្តែង រួមមាន ការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល ការចុះទស្សនកិច្ចរួមនៅទីតាំងបោសសម្អាតមីន និងការពង្រឹងការគាំទ្រដល់ជនរងគ្រោះ សំដៅធានាឱ្យកុមារជំនាន់ក្រោយរស់នៅលើទឹកដីប្រកបដោយសុវត្ថិភាព និងគ្មានការគំរាមកំហែងពីសំណល់សង្គ្រាម៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12396","languageVersionId":"4502","visibilityVersion":"5","versionToken":"a1.fbH5IxKpeC3CPOEdFEHDYmxFCjwts4XrTt17VyJQIGE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T08:41:27Z"}