{"asset":"news","key":"10214","locale":"km","id":"news:10214:km","entityId":"news:10214","canonicalUrl":"https://www.kps-tv.com/km/news/detail/10214","state":"ready","title":"បែកធ្លាយរូបភាពកម្រ! អាជ្ញាធរមីយ៉ាន់ម៉ា បង្ហាញមុខលោកស្រី អ៊ុងសាន ស៊ូជី","summary":"រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញផ្សាយរូបភាពដ៏កម្រមួយចំនួនកាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ របស់អតីតមេដឹកនាំស៊ីវិលដែលកំពុងជាប់ឃុំ គឺលោកស្រី អ៊ុងសាន ស៊ូជី ដោយបានអះអាងថា មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅ និងសំបុត្រពីព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គឆាលស៍ ជូនដល់លោកស្រីផ្ទាល់។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅចំនួន ២ ក្បាលដែលមានចំណងជើង គឺ The Land Gardeners: Soil To Table និង Soil: The World At Our Feet រួមជាមួយនឹងស្រោមសំបុត្របិទជិត និងសារការទូតដែលបញ្ជូនពីព្រះមហាក្សត្រអង់គ្លេសផ្ទាល់។","body":"រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញផ្សាយរូបភាពដ៏កម្រមួយចំនួនកាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ របស់អតីតមេដឹកនាំស៊ីវិលដែលកំពុងជាប់ឃុំ គឺលោកស្រី អ៊ុងសាន ស៊ូជី ដោយបានអះអាងថា មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅ និងសំបុត្រពីព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គឆាលស៍ ជូនដល់លោកស្រីផ្ទាល់។\nយោងតាមការបង្ហោះនៅលើបណ្តាញសង្គម មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅចំនួន ២ ក្បាលដែលមានចំណងជើង គឺ The Land Gardeners: Soil To Table និង Soil: The World At Our Feet រួមជាមួយនឹងស្រោមសំបុត្របិទជិត និងសារការទូតដែលបញ្ជូនពីព្រះមហាក្សត្រអង់គ្លេសផ្ទាល់។\n\nការបញ្ជូនអំណោយ និងសារនេះ បង្ហាញឱ្យឃើញពីទំនាក់ទំនងអន្តរជាតិដ៏កម្រមួយជាមួយលោកស្រី ស៊ូជី ដែលទីតាំងស្នាក់នៅ និងសុខភាពរបស់លោកស្រី ត្រូវបានលាក់បាំងយ៉ាងខ្លាំង ចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ មក ខណៈដែលរហូតមកទល់ពេលនេះ គ្មានមេដឹកនាំបរទេស ឬបេសកជនណា អាចចូលជួបលោកស្រីជាសាធារណៈបានឡើយ បើទោះបីជាមានសំណើសុំជាច្រើនក៏ដោយ។\n\nលោកស្រី ស៊ូជី បច្ចុប្បន្នមានវ័យ ៨១ ឆ្នាំ បានរងការឃុំខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ នៅពេលដែលរបបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋបាលរបស់លោកស្រី និងចាប់ខ្លួនមេដឹកនាំស៊ីវិលនានា។ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងលំនៅឋានវិញកាលពីខែមេសា បន្ទាប់ពីការបោះឆ្នោត ឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ារបស់លោក មីន អ៊ុងឡាំង។\n\nបច្ចុប្បន្ន លោកស្រីកំពុងស្ថិតក្នុងការអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៨ ឆ្នាំ ក្រោមការចោទប្រកាន់លើបទល្មើសជាច្រើន រាប់ចាប់តាំងពីការញុះញង់ និងអំពើពុករលួយ រហូតដល់ការបន្លំសន្លឹកឆ្នោត និងការបំពានច្បាប់សម្ងាត់របស់រដ្ឋ ដែលការចោទប្រកាន់ទាំងនោះ ត្រូវបានលោកស្រីបដិសេធចោលទាំងស្រុង៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12615","languageVersionId":"4753","visibilityVersion":"5","versionToken":"a1.Lw5nNDI3-3qCoG66_4yBpF7ZH_fguu5Y1dDHFlOBzNw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T09:24:40Z"}