{"asset":"news","key":"10217","locale":"km","id":"news:10217:km","entityId":"news:10217","canonicalUrl":"https://www.kps-tv.com/km/news/detail/10217","state":"ready","title":"បដិមា «ព្រះគោ ព្រះកែវ» ដ៏ស្កឹមស្កៃ បង្ហាញពីការគោរពទៅលើជំនឿ បារមី ភាពរុងរឿង និងបញ្ជ្រាបតម្លៃវប្បធម៌ជាតិ","summary":"បដិមា «ព្រះគោ ព្រះកែវ» ដ៏ស្កឹមស្កៃត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដើម្បីដាក់ដម្កល់យ៉ាងតេជះ នៅលើទីតាំងរង្វង់មូលចាស់ ដែលពីមុនជាទីតាំងព្រះវិស្ណុជិះគ្រុឌ។ ទីតាំងរង្វង់មូលចាស់នេះ ពីមុនធ្លាប់ជាទីតាំងតម្កល់ «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ដែលបច្ចុប្បន្នត្រូវបានដង្ហែទៅដាក់ដម្កល់នៅខេត្តសៀមរាបវិញ។","body":"បដិមា «ព្រះគោ ព្រះកែវ» ដ៏ស្កឹមស្កៃត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដើម្បីដាក់ដម្កល់យ៉ាងតេជះ នៅលើទីតាំងរង្វង់មូលចាស់ ដែលពីមុនជាទីតាំងព្រះវិស្ណុជិះគ្រុឌ។\nទីតាំងរង្វង់មូលចាស់នេះ ពីមុនធ្លាប់ជាទីតាំងតម្កល់ «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ដែលបច្ចុប្បន្នត្រូវបានដង្ហែទៅដាក់ដម្កល់នៅខេត្តសៀមរាបវិញ។ ការរៀបចំដាក់ដម្កល់បដិមាព្រះគោព្រះកែវថ្មីនេះ នាំមកនូវមុខមាត់ថ្មីយ៉ាងស្រស់ស្អាតសម្រាប់ក្រុងសំរោង ព្រមទាំងបង្ហាញពីការគោរពទៅលើជំនឿ បារមី ភាពរុងរឿង សេចក្តីសុខសាន្ត និងស្មារតីស្នេហាជាតិរបស់ប្រជាជនខ្មែរ។\n\nការសាងសង់រង្វង់មូលបដិមា «ព្រះគោ ព្រះកែវ» នាពេលនេះ គឺមានគោលបំណងអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ ព្រមទាំងបញ្ជ្រាបតម្លៃវប្បធម៌ជាតិទៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍និងការអភិរក្ស។\n\n«រឿងព្រេងព្រះគោ ព្រះកែវ» គឺជារឿងព្រេងនិទានបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយរបស់ខ្មែរ ដែលត្រូវបានចងក្រងឡើងដើម្បីឆ្លុះបញ្ចាំងពីការឈឺចាប់ និងការធ្លាក់ចុះនៃអាណាចក្រខ្មែរ បន្ទាប់ពីការដួលរលំ បន្ទាយលង្វែកកាលពីអតីតកាល។\nយោងតាមការសង្ខេបសាច់រឿង តាមបែបទេវកថាបានតំណាលថា៖នៅសម័យលង្វែក មានប្តីប្រពន្ធក្រីក្រតោកយ៉ាកមួយគូ។ ថ្ងៃមួយស្ត្រីជាប្រពន្ធចង់ពិសារស្វាយជូរយ៉ាងខ្លាំង ក៏ឡើងបេះហើយធ្លាក់ស្លាប់។ ប៉ុន្តែទារកនៅក្នុងផ្ទៃមិនស្លាប់ទេ គឺបង្កើតបានមកជាបងប្អូនភ្លោះពីរនាក់ ម្នាក់ជាសត្វគោឈ្មោះ ព្រះគោ និងម្នាក់ទៀតជាមនុស្សឈ្មោះ ព្រះកែវ។ព្រះគោ ជាសត្វគោដ៏មានឫទ្ធិបារមីខ្លាំងពូកែ។\nកិត្តិនាមរបស់ព្រះគោព្រះកែវ ល្បីល្បាញដល់ស្តេចសៀម។ ស្ដេចសៀមចង់បានព្រះគោទៅធ្វើជាវត្ថុសិរីមង្គលការពារនគរខ្លួន ក៏បានបញ្ជូន គោយន្តមកភ្នាល់ជល់ជាមួយព្រះគោ។ ទោះបីជាព្រះគោព្យាយាមប្រយុទ្ធយ៉ាងណា ក៏មិនអាចឈ្នះគោយន្តបានឡើយ។ ចុងក្រោយ ព្រះគោព្រះកែវ និងព្រះនាងពៅ បាននាំគ្នាតោងកន្ទុយហោះរត់ តែព្រះនាងពៅរបូតដៃធ្លាក់ស្លាប់។ ទីបំផុត ព្រះគោនិងព្រះកែវ ត្រូវទ័ពសៀមចាប់យកទៅឃុំឃាំងនៅក្នុងកំពែងប្រាំពីរជាន់ឯប្រទេសសៀមបាត់ទៅ។អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12618","languageVersionId":"4798","visibilityVersion":"4","versionToken":"a1.MGtuLsQswa6bGiVaYISOjuh_hNRi3j_KSOd9EsRyAHo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T10:25:23Z"}