{"asset":"news","key":"10243","locale":"km","id":"news:10243:km","entityId":"news:10243","canonicalUrl":"https://www.kps-tv.com/km/news/detail/10243","state":"ready","title":"ពន្លឺជីវិតក្រោយជញ្ជាំងដែក៖ អគ្គនាយកដ្ឋានពន្ធនាគារ បង្វឹកជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំជាង ៨.០០០នាក់ ត្រៀមកសាងអនាគតថ្មី","summary":"ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំកែប្រែក្នុងពន្ធនាគារ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសទីពីរដល់ជនជាប់ឃុំ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ (ស្រី ៧០៣នាក់) បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមបំណិនជីវិតសម្រាប់សមាហរណកម្មចូលក្នុងសង្គមវិញ ក្រោយពេលទទួលបានសេរីភាព។","body":"ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំកែប្រែក្នុងពន្ធនាគារ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសទីពីរដល់ជនជាប់ឃុំ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ (ស្រី ៧០៣នាក់) បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមបំណិនជីវិតសម្រាប់សមាហរណកម្មចូលក្នុងសង្គមវិញ ក្រោយពេលទទួលបានសេរីភាព។ ក្នុងចំណោមនោះ មានសិក្ខាកាមជាជនជាប់ឃុំចំនួន ២៦២នាក់ បានបញ្ចប់ការសិក្សា និងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជាផ្លូវការ។\n\nយន្តការនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាង ៨ពាន់នាក់នេះ ត្រូវបានបែងចែកជា ៣ទម្រង់ធំៗ រួមមាន៖ ការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែង ចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពពន្ធនាគារផ្ទាល់ ចំនួន ១.២០៩នាក់ ការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល និងអង្គការដៃគូនានា ចំនួន ២.៤១៩នាក់។\n\nមុខជំនាញដែលត្រូវបានយកចិត្តទុកដាក់បង្វឹកបង្ហាត់ រួមមាន៖ កាត់ដេរ, សម្អាងការ, សំណង់, ជួសជុល និងប្រើប្រាស់កុំព្យូទ័រ, គ្រឿងអេឡិចត្រូនិក, បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានជំរុញការអភិវឌ្ឍផ្នែកសិប្បកម្ម ឧស្សាហកម្មខ្នាតតូច កសិកម្ម និងសំណង់ ស្របតាមសក្តានុពលជាក់ស្តែងនៃពន្ធនាគារនីមួយៗ ព្រមទាំងបន្តស្វែងរកដៃគូវិនិយោគ និងធនធានគាំទ្របន្ថែម។\n\nក្រៅពីជំនាញបច្ចេកទេស កម្មវិធីអប់រំកែប្រែ និងស្តារនីតិសម្បទាក៏ត្រូវបានពង្រឹងយ៉ាងសកម្មក្នុងការសិក្សាទូទៅ បច្ចុប្បន្នមានថ្នាក់អក្ខរកម្ម ថ្នាក់សមមូល (BEEP) និងភាសាបរទេស សរុប ៩០ថ្នាក់ កំពុងបង្រៀនជនជាប់ឃុំចំនួន ១.៥៨៩នាក់ (ស្រី ១៧៨នាក់) រួមទាំងការរៀនអក្ខរកម្មតាមបន្ទប់ឃុំឃាំងចំនួន ២.១៣៣នាក់បន្ថែមទៀត។\n\nការអប់រំច្បាប់ និងសីលធម៌ ជនជាប់ឃុំចំនួន ៦៧.៩៤១នាក់ បានទទួលការផ្សព្វផ្សាយអប់រំអំពីបទបញ្ជាផ្ទៃក្នុង ច្បាប់ស្តីពីពន្ធនាគារ ក្រមព្រហ្មទណ្ឌ ផលប៉ះពាល់នៃគ្រឿងញៀន និងការលើកកម្ពស់សីលធម៌សង្គម-សាសនានិងបច្ចេកវិទ្យាឌីជីថល (NomadLab) & ការអាន គម្រោងកម្មវិធីសិក្សាឌីជីថលក្រៅបណ្តាញអ៊ីនធឺណិត (NomadLab) ត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅតាមពន្ធនាគារចំនួន ២៩ទីតាំង ដោយប្រើឧបករណ៍បច្ចេកវិទ្យាចំនួន ១៩៩គ្រឿង និងមានជនជាប់ឃុំចូលរួមសិក្សា ១៧.៨៦១នាក់។ ជាមួយគ្នានោះ ចលនាអានត្រូវបានលើកកម្ពស់ ដោយមានអ្នកចូលអានក្នុងបណ្ណាល័យ ៤៧.៤៣៨នាក់ និងខ្ចីសៀវភៅអាន ៦៦.២៩៥នាក់ ពីមូលនិធិសៀវភៅសរុប ៨៤.៤៧៧ក្បាល។\n\nសូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា មានពន្ធនាគាររាជធានី-ខេត្តចំនួន ២៥ និងមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយកំពុងគ្រប់គ្រងជនជាប់ឃុំសរុបជាង ៧២.០០០នាក់៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13013","languageVersionId":"5894","visibilityVersion":"4","versionToken":"a1.A02v34lvTANlaGsETh0Ojq_4AuZuD177_OJjXJEaI_c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T06:47:41Z"}