{"asset":"news","key":"10398","locale":"km","id":"news:10398:km","entityId":"news:10398","canonicalUrl":"https://www.kps-tv.com/km/news/detail/10398","state":"ready","title":"ទិញមាសពេលឡើងថ្លៃ ឥឡូវធ្លាក់ចុះខ្លាំង១០០ដុល្លារ អ្នកទិញមុនកំពុងព្រួយបារម្ភ!","summary":"តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងជាង ១០០ដុល្លារក្នុងមួយអោន កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការកើនឡើងនៃតម្លៃប្រេងបង្កើនសម្ពាធអតិផរណា និងធ្វើឱ្យទីផ្សាររំពឹងថា ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់យូរជាងការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។","body":"តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងជាង ១០០ដុល្លារក្នុងមួយអោន កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការកើនឡើងនៃតម្លៃប្រេងបង្កើនសម្ពាធអតិផរណា និងធ្វើឱ្យទីផ្សាររំពឹងថា ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់យូរជាងការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។\nយោងតាមទិន្នន័យជួញដូរ តម្លៃមាសភ្លាមៗ (Spot Gold) បានធ្លាក់ចុះ ២,៨៥% មកនៅត្រឹម ៤ ០១៤,៥៦ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីដើមខែសីហា។ ចំណែកមាសអាមេរិកសម្រាប់ការប្រគល់ជូននៅពេលអនាគត បានធ្លាក់ចុះ ២,២% មកនៅត្រឹម ៤ ០៦០,៤០ដុល្លារក្នុងមួយអោន នៅពេលបិទការជួញដូរ។\n\nដោយឡែក នៅទីផ្សារកម្ពុជាវិញ តាមតួលេខដែលបានរាយការណ៍ មាសមានតម្លៃលក់ចេញ ៤ ៩០៥ដុល្លារក្នុងមួយតម្លឹង និងតម្លៃទិញចូល ៤ ៨៥៥ដុល្លារក្នុងមួយតម្លឹង គិតត្រឹមម៉ោង ៩:៣០នាទីព្រឹកថ្ងៃពុធ។\nកត្តាសំខាន់មួយដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះ គឺតម្លៃប្រេងអន្តរជាតិបានកើនឡើងប្រមាណ ៣% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ខែ បន្ទាប់ពីក្រុមហ៊ូធីវាយប្រហារអារ៉ាប៊ីសាអូឌីត ដែលបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ា។\n\nអ្នកវិភាគទីផ្សារបានពន្យល់ថា ការកើនឡើងតម្លៃថាមពលអាចជំរុញអតិផរណា និងបង្កើនលទ្ធភាពដែល Fed នឹងរក្សាអត្រាការប្រាក់ខ្ពស់។ ស្ថានភាពនេះអាចដាក់សម្ពាធលើតម្លៃមាស ព្រោះមាសមិនផ្តល់ការប្រាក់ ហើយការកាន់កាប់ទ្រព្យសកម្មដែលផ្តល់ផលចំណេញពីការប្រាក់អាចកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន។ អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13744","languageVersionId":"7516","visibilityVersion":"4","versionToken":"a1.gjcytdQRHaCDMCYCJojCTDdRO0a4b4MeKJ6z6dxI_SY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T08:04:29Z"}