{"asset":"news","key":"10435","locale":"km","id":"news:10435:km","entityId":"news:10435","canonicalUrl":"https://www.kps-tv.com/km/news/detail/10435","state":"ready","title":"ព្រះវិស្ណុផ្ទុំ សម្បត្តិបេតិកភណ្ឌខ្មែរសម័យអង្គរ អាយុកាលជាង1,000 ត្រូវបានដាក់តាំងនៅអាមេរិក អមដោយកម្មវិធីអបអរសាទរវប្បធម៌ខ្មែរ","summary":"ពិធីស្រោចទឹកជ័យតាមប្រពៃណីខ្មែរ នឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ក្រោមការដឹកនាំរបស់វត្ត Dhammararam ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ។ ក្រោយពិធីនេះ សាធារណជននឹងបានទស្សនាការសម្ដែងរបាំប្រពៃណីខ្មែរ ដោយក្រុម Morodok Angkor Dance Troupe និង Proleung Seilaphak ដែលបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ និងវប្បធម៌ខ្មែរ។","body":"ពិធីស្រោចទឹកជ័យតាមប្រពៃណីខ្មែរ នឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ក្រោមការដឹកនាំរបស់វត្ត Dhammararam ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ។ ក្រោយពិធីនេះ សាធារណជននឹងបានទស្សនាការសម្ដែងរបាំប្រពៃណីខ្មែរ ដោយក្រុម Morodok Angkor Dance Troupe និង Proleung Seilaphak ដែលបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ និងវប្បធម៌ខ្មែរ។\n\nកម្មវិធីនេះមានគោលបំណងលើកតម្កើងមរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយអរិយធម៌ខ្មែរទៅកាន់សាធារណជនអន្តរជាតិ ជាពិសេសតាមរយៈរូបសំណាកព្រះវិស្ណុផ្ទុំ ដែលជាស្នាដៃសំរិទ្ធដ៏មានតម្លៃពីសម័យអង្គរ។\nរូបសំណាកព្រះវិស្ណុផ្ទុំ គឺជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យយកទៅតាំងបង្ហាញជាបណ្ដោះអាសន្ននៅសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌនៃកិច្ចសហការរវាងសារមន្ទីរជាតិកម្ពុជា សារមន្ទីរ Guimet របស់ប្រទេសបារាំង និងសារមន្ទីរអាមេរិក ដើម្បីបង្ហាញពីសមត្ថភាពសិល្បៈ និងភាពរុងរឿងនៃអរិយធម៌ខ្មែរសម័យអង្គរ។\n\nតាមប្រវត្តិសាស្ត្រ បំណែករូបសំណាកនេះត្រូវបានរកឃើញនៅឆ្នាំ១៩៣៦ នៅប្រាសាទមេបុណ្យខាងលិច ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ នៅឆ្នាំ១៩៥០ បំណែកទាំងនោះត្រូវបាននាំមករក្សាទុកនៅសារមន្ទីរជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ។ រូបសំណាកនេះមានអាយុកាលប្រហែល១.០០០ឆ្នាំ និងជាសក្ខីភាពបង្ហាញពីជំនាញខ្ពស់របស់សិប្បករខ្មែរក្នុងការចាក់សំរិទ្ធ។\n\nដោយសារត្រូវបានកប់ក្នុងដីអស់រយៈពេលជាច្រើនសតវត្សរ៍ រូបសំណាកបានរងការច្រេះ និងបែកបាក់ជាបំណែកៗ។ នៅឆ្នាំ២០២៤ កម្ពុជាបានអនុញ្ញាតឱ្យនាំរូបសំណាកទៅប្រទេសបារាំង ដើម្បីឱ្យអ្នកជំនាញធ្វើការសិក្សា អភិរក្ស និងស្ដារឡើងវិញ។ ការងារនេះបានជួយឱ្យបំណែកនានាត្រូវបានរៀបចំឡើងវិញ ដើម្បីបង្ហាញទម្រង់រូបសំណាកឱ្យកាន់តែច្បាស់។\nការដាក់តាំងបង្ហាញព្រះវិស្ណុផ្ទុំនៅសហរដ្ឋអាមេរិក មិនត្រឹមតែជាការបង្ហាញស្នាដៃសិល្បៈបុរាណដ៏កម្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់សាធារណជនអន្តរជាតិបានស្វែងយល់ពីប្រវត្តិសាស្ត្រ ជំនឿ និងសមិទ្ធផលសិល្បៈរបស់ខ្មែរសម័យអង្គរផងដែរ។\n\nតាមរយៈពិធីស្រោចទឹកជ័យ និងការសម្ដែងសិល្បៈប្រពៃណីខ្មែរ ព្រមទាំងការតាំងបង្ហាញសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃនេះ វប្បធម៌ខ្មែរត្រូវបានលើកតម្កើង និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ៕អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14282","languageVersionId":"8157","visibilityVersion":"6","versionToken":"a1.C99n6SCW1JgZpSShKW-of_mzxFBLLgKXapgh1Vbc8Q0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T06:44:46Z"}