{"asset":"news","key":"10495","locale":"km","id":"news:10495:km","entityId":"news:10495","canonicalUrl":"https://www.kps-tv.com/km/news/detail/10495","state":"ready","title":"កោះរ៉ុងបិទព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្នាំ២០២៦ ជំរុញយុទ្ធនាការទេសចរណ៍រដូវកាលបៃតង","summary":"ខេត្តព្រះសីហ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព កីឡាដើម្បីទេសចរណ៍»។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងកោះរ៉ុង មន្ទីរជំនាញពាក់ព័ន្ធ គណៈកម្មការរៀបចំការប្រកួត កីឡាករ កីឡាការិនី និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ពិភពលោក។","body":"ខេត្តព្រះសីហ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព កីឡាដើម្បីទេសចរណ៍»។\n\nក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងកោះរ៉ុង មន្ទីរជំនាញពាក់ព័ន្ធ គណៈកម្មការរៀបចំការប្រកួត កីឡាករ កីឡាការិនី និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ពិភពលោក។\nឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា វិស័យកីឡាមិនត្រឹមតែជួយលើកកម្ពស់សុខភាព និងកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្មារតី សីលធម៌ មិត្តភាព និងស្មារតីគោរពយុត្តិធម៌ ព្រមទាំងជាកម្លាំងចលករមួយក្នុងការជំរុញវិស័យទេសចរណ៍ផងដែរ។\n\nព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា នៅឆ្នេរកោះរ៉ុង ដោយមានសកម្មភាពកីឡា និងកម្សាន្តជាច្រើន រួមមាន ការរត់ប្រណាំងឧបសគ្គ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ ការអុំទូកកាយ៉ាក់ ការប្រណាំងរ៉ឺម៉កកង់បី ការជិះកង់កម្សាន្ត ។\n\nព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃយុទ្ធនាការទេសចរណ៍រដូវកាលបៃតងខេត្តព្រះសីហនុ ឆ្នាំ២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។\nជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុបានបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យក្លាយជាគោលដៅទេសចរណ៍ឆ្នេរដ៏ទាក់ទាញ។\n\nកោះរ៉ុង ជាទឹកដីនៃសន្តិភាព ស្នាមញញឹម និងក្តីសង្ឃឹម!\nសូមចូលរួមផ្សព្វផ្សាយ និងគាំទ្រយុទ្ធនាការទេសចរណ៍រដូវកាលបៃតងក្រោមពាក្យស្លោក៖ «មកលេង! មកទស្សនា! មកគាំទ្រ! មកសប្បាយ!»\nកីឡារស់ក្នុងសន្តិភាព កីឡាដើម្បីមិត្តភាព កីឡាដើម្បីទេសចរណ៍!\nទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍។ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រង់ចាំស្វាគមន៍ទេសចរណ៍ដោយស្នាមញញឹម៕\nអត្ថបទ ៖ ប៉ៃ សុឃីម  រូបភាព ៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"4","publishedWorkingVersionId":"14553","languageVersionId":"9598","visibilityVersion":"7","versionToken":"a1.UAQFP1Iyaz2L1QHjyoLMGJROYuXoC71SzLlpF13SLVA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-26T03:27:38Z"}