{"asset":"news","key":"3279","locale":"km","id":"news:3279:km","entityId":"news:3279","canonicalUrl":"https://www.kps-tv.com/km/news/detail/3279","state":"ready","title":"ក្លិបអ្នកកាសែតកម្ពុជា ជម្រុញឱ្យស្ថាប័នជំនាញបើកវគ្គបណ្តុះបណ្តាលអប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ ខណៈអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្ត","summary":"ក្លិបអ្នកកាសែតកម្ពុជាអំពាវនាវនៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ឱ្យបង្កើនការបណ្តុះបណ្តាលក្រមសីលធម៌ និងវិជ្ជាជីវៈ និងឱ្យអ្នកសារព័ត៌មានផ្ទៀងផ្ទាត់ទិន្នន័យ និងប្រុងប្រយ័ត្នពាក្យពេលផ្សាយ។","body":"ក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសដោយជម្រុញឱ្យស្ថាប័នជំនាញបើកវគ្គបណ្តុះបណ្តាលអប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ ខណៈអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្តនូវកំហុសជាបន្តបន្ទាប់ ដែលនាំឱ្យប្រឈមមុខនឹងផ្លូវច្បាប់។ \nក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះនៅតែមានអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្តនូវកំហុសខាងក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឲ្យមានការរិះគន់ និងអាចប្រឈមនឹងផ្លូវច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់សាធារណជន និងការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ \nយ៉ាងណាក៏ដោយ ក្លិបអ្នកកាសែតកម្ពុជា មិនចាត់ទុកករណីកំហុសឆ្គងខាងលើនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មានត្រូវបន្តយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ។ ជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបានពិសេសអ្នកផ្សាយផ្ទាល់ពីទីកន្លែងកើតហេតុដែលជាហេតុនាំឱ្យរងការរិះគន់ និងប្រឈមផ្លូវច្បាប់ដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ។\nក្លិបអ្នកកាសែតកម្ពុជា បានចាត់ទុកក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានរួចផុតពីការរិះគន់ និងប្រឈមផ្លូវច្បាប់នោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។\nស្ថិតនៅក្នុងស្ថានភាពបែបនេះ ក្លិបអ្នកកាសែតកម្ពុជា ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ សំខាន់ចៀសវាងការប្រើអារម្មណ៍ដើម្បីអត្ថាធិប្បាយ ឬវិនិច្ឆ័យព័ត៌មាន ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ក្នុងពេលកំពុងផ្សាយផ្ទាល់ ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់មុននឹងចេញផ្សាយព័ត៌មានជាសាធារណៈ ធ្វើយ៉ាងណាទទួលបានទំនុកចិត្តពីសាធារណជន ចៀសវាងការប្រឈមផ្លូវច្បាប់។\nជាចុងក្រោយ ក្លិបអ្នកកាសែតកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយក្លិប ក៏ដូចជាសមាគមសារព័ត៌មានផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាងភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា៕\n\nប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16519","languageVersionId":"14107","visibilityVersion":"2","versionToken":"a1.Ik6vSZ8nN-oERLhMSliErWbGZHcy6p2sK2I8-E-xhxE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-21T02:02:40Z"}