{"asset":"news","key":"3288","locale":"km","id":"news:3288:km","entityId":"news:3288","canonicalUrl":"https://www.kps-tv.com/km/news/detail/3288","state":"ready","title":"ក្រសួងធនធានទឹក និងឧតុនិយម ព្រមានពីអាកាសធាតុត្រជាក់ខ្លាំង តំបន់ជួរភ្នំអាចចុះដល់១៦°C ចាប់ពីថ្ងៃទី២២–៣០ វិច្ឆិកា","summary":"ក្រសួងធនធានទឹក និងឧតុនិយមព្រមានពីអាកាសធាតុត្រជាក់ថ្ងៃទី២២–៣០ វិច្ឆិកា ឆ្នាំ២០២៥ ដោយតំបន់ភ្នំអាចចុះដល់ប្រហែល១៦°C និងអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួន។","body":"ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៥ ជំរាបជូនដល់សាធារណជន និងអាជ្ញាធរដែនដីឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងកំឡុងពេលដែលសីតុណ្ហភាពអាកាសអាចចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ សីតុណ្ហភាពអប្បបរមានៅតំបន់ខ្លះអាចធ្លាក់ដល់ត្រឹម ១៦–១៨ អង្សាសេលស្យូស ដែលអាចបង្កគ្រោះថ្នាក់ឱ្យប្រជាពលរដ្ឋ ប្រសិនបើមិនមានការការពារត្រឹមត្រូវ។\nក្រសួងបានឲ្យដឹងថា ឥទ្ធិពលរបស់របបខ្យល់មូសុងឦសានកំពុងកើនឡើង ហើយកំពុងបក់ឆ្លងកាត់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជាច្រើនទៀតនៅទូទាំងព្រះរាជាណាចក្រ។ ស្ថានភាពនេះអាចនាំឱ្យមានអាកាសធាតុត្រជាក់ និងខ្យល់បក់ជាបន្តបន្ទាប់។\nលទ្ធភាពអាកាសធាតុនៅតំបន់នីមួយៗ៖\n១. តំបន់ជួរភ្នំ (ដងរែក ក្រវាញ និងបូកគោ) សីតុណ្ហភាពអប្បបរមាប្រហាក់ប្រហែល ១៦°C សីតុណ្ហភាពអតិបរមាប្រហាក់ប្រហែល ២៧°C ខ្យល់បក់ពីទិសឦសាន-បូព៌ា ដោយល្បឿនប្រហែល ៦ ម៉ែត្រ/វិនាទី។\n២. តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ។ សីតុណ្ហភាពអប្បបរមាប្រហាក់ប្រហែល ២០°C សីតុណ្ហភាពអតិបរមាប្រហាក់ប្រហែល ២៩°C ខ្យល់បក់ពីទិសឦសាន-បូព៌ា ល្បឿនប្រហែល ៥ ម៉ែត្រ/វិនាទី។\n៣. តំបន់ខ្ពង់រាប រួមមានកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ សីតុណ្ហភាពអប្បបរមាប្រហាក់ប្រហែល ១៨°C សីតុណ្ហភាពអតិបរមា៖ ប្រហាក់ប្រហែល ២៨°C ខ្យល់ល្បឿនប្រហែល ៤ ម៉ែត្រ/វិនាទី\n៤. តំបន់មាត់សមុទ្រ (កោះកុង ព្រះសីហនុ កំពត កែប) សីតុណ្ហភាពអប្បបរមាប្រហាក់ប្រហែល ២១°C សីតុណ្ហភាពអតិបរមាប្រហាក់ប្រហែល ៣១°C រលកសមុទ្រកម្ពស់ ០.៥០–១.៥០ ម៉ែត្រ។\nក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋពិចារណា និងអនុវត្តវិធានការការពារត្រឹមត្រូវ ដើម្បីជៀសវាងការប៉ះពាល់ពីអាកាសធាតុត្រជាក់ជាពិសេសនៅតំបន់ដែលមានសីតុណ្ហភាពទាប។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តតាមដាន វិភាគ និងផ្សព្វផ្សាយព័ត៌មានបន្ថែមក្នុងករណីមានការប្រែប្រួលអាកាសធាតុ។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16513","languageVersionId":"14089","visibilityVersion":"2","versionToken":"a1.OX41rNHpxEa0TrHPE0dlOuU8gdpNQWd_YcsQf7BjFlw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-21T06:49:41Z"}