# ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាបានអត្ថប្រយោជន៍ច្រើន បន្ទាប់ពីថៃបោះបង់ឱកាសពាណិជ្ជកម្មជាមួយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3319>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16569","languageVersionId":"14257","visibilityVersion":"2","versionToken":"a1.9QFG5ufKfI8ILhtIR_FdfPNIO2IRKcwy2Rkzdy0InLw"}

Original publication: 2025-11-23T08:10:46Z

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការបោះបង់ឱកាសពាណិជ្ជកម្មជាមួយកម្ពុជារបស់ថៃបានបង្កើតអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងដៃគូក្នុងតំបន់។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការបោះបង់ឱកាសពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយកម្ពុជា បានបង្កើតអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងដល់បណ្តាប្រទេសក្នុងតំបន់ផងដែរ។
ឯកឧត្តមឲ្យដឹងថា បន្ទាប់ពីកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ សូចនាករទីផ្សារបង្ហាញថា ៦០% ទៅ ៧០% នៃទំនិញដែលមានលក់ក្នុងស្រុកបច្ចុប្បន្ន គឺជាទំនិញផលិតក្នុងកម្ពុជាផ្ទាល់។ ខណៈទំនិញដែលនៅត្រូវការនាំចូលនេះបានផ្លាស់ប្ដូរទិសដៅទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត។
តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ការនាំចូលប្រេង និងឧស្ម័នពាក់ព័ន្ធបច្ចុប្បន្ន ត្រូវបានផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរី បន្ទាប់ពីឈប់នាំចូលពីថៃ។ សម្រាប់គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏ត្រូវបានផ្គត់ផ្គង់ដោយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ានផ្សេងៗ។
គួររំលឹកថា ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានជូនដំណឹងថា ការនាំចូលទំនិញរបស់ខ្លួនមកកម្ពុជាកាលពីពេលថ្មីៗនេះ កើនឡើងដល់៣ដង បើធៀបនឹងរយៈពេលមុន ដែលបញ្ជាក់ថា ការផ្លាស់ប្ដូរទិសដៅពាណិជ្ជកម្មរបស់កម្ពុជាបានបង្កើនឱកាសសម្រាប់ដៃគូថ្មីៗក្នុងតំបន់។
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


