{"asset":"news","key":"3338","locale":"km","id":"news:3338:km","entityId":"news:3338","canonicalUrl":"https://www.kps-tv.com/km/news/detail/3338","state":"ready","title":"មន្ទីរអប់រំទូទាំងប្រទេសត្រូវព្រួតដៃជាមួយអាជ្ញាធរធ្វើឱ្យ«គ្រឹះស្ថានសិក្សាគ្មានគ្រឿងស្រវឹង»","summary":"ក្រោយពីក្រសួងអប់រំសង្កេតឃើញមានគ្រឹះស្ថានសិក្សាមួយចំនួនមិនទាន់អនុវត្តបានល្អចំពោះការណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យមន្ទីរអប់រំ និងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឱ្យ«គ្រឹះស្ថានសិក្សាគ្មានគ្រឿងស្រវឹង»។","body":"ក្រោយពីក្រសួងអប់រំសង្កេតឃើញមានគ្រឹះស្ថានសិក្សាមួយចំនួនមិនទាន់អនុវត្តបានល្អចំពោះការណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យមន្ទីរអប់រំ និងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឱ្យ«គ្រឹះស្ថានសិក្សាគ្មានគ្រឿងស្រវឹង»។\nតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ដើម្បីធ្វើឱ្យ«គ្រឹះស្ថានសិក្សាគ្មានគ្រឿងស្រវឹង» នោះមន្ទីរអប់រំនៅទូទាំងប្រទេស ត្រូវហាមឃាត់ដាច់ខាតរាល់ការប្រើប្រាស់ ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងនិងក្រៅបរិវេណជុំវិញគ្រឹះស្ថានសិក្សា, ហាមដាច់ខាតការសេពគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា និងត្រូវផ្សព្វផ្សាយខ្លឹមសារផលប៉ះពាល់នៃការសេពគ្រឿងស្រវឹងនៅពេលគោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា។ \n\n មន្ទីអប់រំ និងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសត្រូវក្រើនរំលឹកជាប្រចាំនូវបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដល់សិស្សានុសិស្ស និងបុគ្គលិកអប់រំ និងត្រូវកំណត់ការហាមឃាត់នូវការប្រើប្រាស់ ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ លើសពីនេះ ត្រូវអប់រំ និងផ្សព្វផ្សាយអំពីខ្លឹមសារនៃការហាមឃាត់ដាច់ខាតរាល់ការប្រើប្រាស់ ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងនិងក្រៅបរិវេណជុំវិញគ្រឹះស្ថានសិក្សាដល់អ្នកសិក្សា និងបុគ្គលិកអប់រំក្នុងឆ្នាំសិក្សានីមួយៗ, ត្រូវមានចលនា និងរៀបចំកម្មវិធីអប់រំនានា ដូចជាការផលិតស្លាកសញ្ញា ឬសារអប់រំ ការប្រកួតប្រជែងគំនូរដែលមានខ្លឹមសារហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹង រួចដាក់តាំង ឬបិទផ្សាយនៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។ \n\n ចំណុចសំខាន់នោះគឺ ត្រូវតាមដានរាល់សកម្មភាពការប្រើប្រាស់ ការចែកចាយ ការលក់ដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ និងធ្វើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសេចក្តីណែនាំនេះប្រចាំឆមាស និងប្រចាំឆ្នាំរួចបញ្ជូនមកក្រសួងអប់រំ។ យ៉ាងណា ក្រសួងអប់រំ ក៏សង្កេតឃើញគ្រឹះស្ថានសិក្សាភាគច្រើនអនុវត្តបានល្អប្រសើរតាមស្មារតីនៃការណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនដែរ៕\n\nទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16473","languageVersionId":"13969","visibilityVersion":"2","versionToken":"a1.LT-91Krm9PCZRnRPYGhxwUFmHjUZKO2mmcpw-gawlAU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-24T07:09:32Z"}