# ក្រសួងការបរទេស៖ គ្មានគម្រោងវៀតណាមសាងសង់ផ្លូវកាត់សមុទ្រ រំលោភដែនទឹកកម្ពុជាទេ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3356>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16556","languageVersionId":"14218","visibilityVersion":"2","versionToken":"a1.5g0hQXHrf8Zn0jdzGr-opSuMkqmg-lO5z6lpJKZaopk"}

Original publication: 2025-11-25T08:22:33Z

ក្រសួងការបរទេសកម្ពុជាបានបដិសេធព័ត៌មានតាមបណ្ដាញសង្គម ដែលអះអាងថាគម្រោងផ្លូវកាត់សមុទ្ររបស់វៀតណាមរំលោភដែនទឹកកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីព័ត៌មានលើបណ្តាញសង្គម ថាវៀតណាមកំពុងសាងសង់ផ្លូវកាត់សមុទ្រ ពីកោះទៀនហៃ (Tien Hai) ខេត្តអានយ៉ាង (An Giang) តទៅកោះហ្វូគក់ (កោះត្រល់) ដែលត្រូវបានគេអះអាងថា ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ កម្ពុជា–វៀតណាម ឆ្នាំ១៩៨២។
តាមការបញ្ជាក់ពីឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងព័ត៌មានផ្លូវការពីស្ថានទូតវៀតណាមនៅភ្នំពេញ បានឲ្យដឹងថា ពុំមានគម្រោងសាងសង់ផ្លូវណាមួយដែលរំលោភ ឬផ្ទុយនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនោះទេ។ ព័ត៌មានដែលកំពុងចែកចាយលើបណ្តាញសង្គម គឺជាការយល់ច្រឡំ។
ក្រសួងបានបញ្ជាក់ថា រូបភាពសំណង់ផ្លូវដែលត្រូវបានផ្សព្វផ្សាយ គឺជាគម្រោងសាងសង់ផ្លូវពីដីគោកនៅសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង ទៅកាន់កំពុងផែពហុបំណងក្នុងទីក្រុងហាទៀង ដែលស្ថិតនៅក្នុងដែនការគ្រប់គ្រងរបស់វៀតណាម។ ការសាងសង់នេះ មិនពាក់ព័ន្ធនឹងដែនទឹករួមទេ ហើយក៏មិនប៉ះពាល់ដល់កិច្ចព្រមព្រៀងទ្វេភាគីឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឱ្យបញ្ឈប់ការចែករំលែកព័ត៌មានខុសឆ្គង ដែលអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


