# ក្រុមហ៊ុន FUCHS Gruppe គ្រោងបើករោងចក្រកែច្នៃម្រេចនៅកម្ពុជាក្នុងឆ្នាំ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3421>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16444","languageVersionId":"13882","visibilityVersion":"2","versionToken":"a1.y-FyiNHHGG-ByJTQp6kN8G7bol4FCko_aYCw-2pLl1A"}

Original publication: 2025-11-29T04:33:38Z

ក្រុមហ៊ុន FUCHS Gruppe បានបង្ហាញផែនការបង្កើតរោងចក្រកែច្នៃម្រេចនៅកម្ពុជាក្នុងឆ្នាំ២០២៦ និងពិភាក្សាកិច្ចសហការបច្ចេកទេសជាមួយក្រសួងកសិកម្ម។

FUCHS Gruppe ជាក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ បានបង្ហាញពីគម្រោងសាងសង់រោងចក្រកែច្នៃម្រេច ដែលមានម៉ាកម្រេចត្បូងឃ្មុំ (Trademarks) នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦ខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រមូលទិញម្រេចពីកម្ពុជាយកទៅកែច្នៃនៅរោងចក្រក្នុងប្រទេសអាល្លឺម៉ង់។ ផែនការនេះ ត្រូវបានលោក Andre Fich នាយកគ្រប់គ្រងក្រុមហ៊ុន DF World of Spices GMBH ដែលជាក្រុមហ៊ុនមេរបស់ FUCHS Gruppe បង្ហើបប្រាប់ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបពិភាក្សាការងារនាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
ជាមួយគ្នា ឯកឧត្តម តូច ប៊ុនហួរ បានបង្ហាញពីវឌ្ឍនភាពនៃការដាំដុះម្រេចកម្ពុជាដែលមានគុណភាពខ្ពស់ ជាមួយនឹងការជំរុញការអនុវត្តកសិកម្មល្អ (GAP)។ ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់គណៈប្រតិភូក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការវិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃ សំដៅកាត់បន្ថយថ្លៃដើមផលិត និងជំរុញទិន្នផលម្រេចកម្ពុជា។ យ៉ាងណា មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃពីការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ជាពិសេសសហភាពអឺរ៉ុប។
ជាការឆ្លើយតប ភាគីក្រុមហ៊ុន FUCHS មិនបានបដិសេធចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មឡើយ ដោយក្រុមហ៊ុនបានបង្ហាញគោលជំហរគាំទ្រ រួមចំណែក និងជំរុញកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ទាំងការងារបច្ចេកទេសនិងបង្កើនទំហំនៃការវិនិយោគ សំដៅជួយគាំទ្រកសិផលម្រេចនិងគ្រឿងទេសកម្ពុជា និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជួយគាំទ្រដល់កសិករ និងសហគមន៍កសិកម្មប្រកបដោយចីរភាព និងលក្ខខណ្ឌក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអឺរ៉ុប ចិន និងសហរដ្ឋអាមេរិកផងដែរ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


