{"asset":"news","key":"3437","locale":"km","id":"news:3437:km","entityId":"news:3437","canonicalUrl":"https://www.kps-tv.com/km/news/detail/3437","state":"ready","title":"ADB អនុម័តកម្ចីជាង ៧០០ លានដុល្លារ ពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា","summary":"សូមចុច KPS99TV ដើម្បីដឹងព័ត៌មានបន្ថែម!","body":"ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។\nកម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និងមានសុវត្ថិភាពទឹកនេះជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន ១២នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។\nលោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងដែលធន់នឹងអាកាសធាតុនិងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ។»\nខណៈពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹកនិងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត ៨៣% ក្នុងឆ្នាំ ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី ៧៣% និង អនាម័យកើនឡើងពី ៥៤% កាលពីឆ្នាំ ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ និង ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងអាកាសធាតុដែលប្រែប្រួលខ្លាំង។\nជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ ១០,៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០%។ តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៤៧,៨% ពី ៤,៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ៦,៨ លាននាក់ (៣៥% នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ ២០៤០។\nកម្មវិធីវិនិយោគនេះ ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វានឹងគាំទ្រការវិនិយោគជាអាទិភាព រយៈពេលខ្លី និងវែង ដើម្បីពង្រីកនិងធ្វើឱ្យមាននិរន្តរភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងដែលធន់ លើកកម្ពស់សន្តិសុខទឹក និងពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវា។\nបែងចែកជា ៤ កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦ លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និង ភ្នាក់ងារអនុវត្ត។ ការនេះធានានូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន និង បទពិសោធន៍ពីមុន ដើម្បីពង្រឹងការអនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ។ កញ្ចប់នីមួយៗនឹងអនុវត្តបន្តពីមួយទៅមួយដើម្បីធានាគុណភាពផលជះ និង និរន្តរភាពរបស់កម្មវិធីទាំងមូល។\nជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥.000 នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥00,000 ។\nADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕\nប្រភព៖ ក្រសួងព័ត៌មាន\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16458","languageVersionId":"13924","visibilityVersion":"2","versionToken":"a1.OrFwM39AqLkI-Ahy7Keu4tGnH4749JZPKQprM2QPREg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-01T02:47:25Z"}