# បង្ក្រាបបទល្មើស Online Scam នៅខេត្តសៀមរាបឃាត់ខ្លួនជនបរទេស១៩នាក់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3453>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16437","languageVersionId":"13861","visibilityVersion":"2","versionToken":"a1.T7mDbofkDo2k8s3JUd7WkyYVxH8pfrzHJLDJIdawwV0"}

Original publication: 2025-12-02T02:27:53Z

ជនសង្ស័យជាជនបរទេសចំនួន១៩នាក់ ក្នុងនោះជនជាតិបង់ក្លាដែស១៦នាក់ និងនេប៉ាល់៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដឹកនាំចុះត្រួតពិនិត្យឆែកឆេរផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដោយសង្ស័យមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ជនសង្ស័យជាជនបរទេសចំនួន១៩នាក់ ក្នុងនោះជនជាតិបង់ក្លាដែស១៦នាក់ និងនេប៉ាល់៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
ប្រតិបត្តិការនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដឹកនាំចុះត្រួតពិនិត្យឆែកឆេរផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដោយសង្ស័យមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ជាក់ស្តែង កម្លាំងសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសទាំង១៩នាក់ខាងលើ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ បានមកស្នាក់នៅខេត្តសៀមរាបទើបតែបានរយៈពេលប្រហែល០២សប្តាហ៍ ដើម្បីត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។
ក្រោយពីបង្ក្រាបជនសង្ស័យ កម្លាំងសមត្ថកិច្ច បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូរចំនួន៨គ្រឿង (កុំព្យូទ័រលើតុ ៧គ្រឿង-កុំព្យូទ័រយួរដៃ ១គ្រឿង) និងទូរសព្ទដៃចំនួន ៣៥គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ រីឯ ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ‎
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


