# កម្ពុជាបន្តជំរុញឱ្យអង្គការកាកបាទក្រហមអន្តរជាតិតាមដានសុខទុក្ខ«យោធិនខ្មែរ»១៨រូប និងជំរុញឱ្យថៃ ដោះលែងមកវិញទាំងអស់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3462>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16456","languageVersionId":"13918","visibilityVersion":"2","versionToken":"a1.61y4mYCyR6q3dZvmzF0NuQ7iWDXlFY3QG0CvyQ-p-18"}

Original publication: 2025-12-02T06:36:13Z

លោក លី ធុជ បានស្នើអនុប្រធាន ICRC នៅស្វ៊ីសឱ្យបន្តតាមដានសុខុមាលភាពទាហានកម្ពុជា១៨រូប និងជំរុញការដោះលែងពួកគេឱ្យបានឆាប់ ដើម្បីវិលជួបគ្រួសារ។

ស្វីស៖ កម្ពុជា បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងលោក Gilles Carbonnier អនុប្រធានអង្គការកាកបាទ ក្រហម អន្តរជាតិ (ICRC) នៅប្រទេសស្វីស។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់ របស់យោធាថៃ។ លោក ក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដាន សុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។ ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ជាថ្ងៃទី១២៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


