{"asset":"news","key":"3490","locale":"km","id":"news:3490:km","entityId":"news:3490","canonicalUrl":"https://www.kps-tv.com/km/news/detail/3490","state":"ready","title":"កម្ពុជាប្រតិកម្មទៅរដ្ឋមន្រ្តីថៃដែលចោទថាកម្ពុជាបានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែន","summary":"អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសច្រានចោលដាច់ខាតចំពោះការចោទប្រកាន់របស់រដ្ឋមន្រ្តីការបរទេសថៃថា កម្ពុជាបានដាក់មីនថ្មីនៅតាមបណ្តោព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ការចេញមកប្រតិកម្មដូច្នេះដោយអាជ្ញាធរមីន បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន NikKei Asia ចុះផ្សាយដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសថៃខាងលើដែលចោទប្រកាន់មកកម្ពុជាគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។","body":"អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសច្រានចោលដាច់ខាតចំពោះការចោទប្រកាន់របស់រដ្ឋមន្រ្តីការបរទេសថៃថា កម្ពុជាបានដាក់មីនថ្មីនៅតាមបណ្តោព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ការចេញមកប្រតិកម្មដូច្នេះដោយអាជ្ញាធរមីន បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន NikKei Asia ចុះផ្សាយដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសថៃខាងលើដែលចោទប្រកាន់មកកម្ពុជាគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។\nយ៉ាងណាតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន បានបញ្ជាក់ថា មានតែភាគីថៃខ្លួនឯងប៉ុណ្ណោះដែលតែងតែធ្វើសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗដោយឯកតោភាគីនៅតាមបណ្តោព្រំដែនដោយគ្មានការសម្របសម្រួល គ្មានតម្លាភាព ហើយមិនគោរពយន្តការដែលមានស្រាប់។ ទង្វើបែបនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផ្ទុយពីស្មារតីមនុស្សធម៌ និងសហប្រតិបត្តិការរបស់អនុសញ្ញាអូតាវ៉ា។ មិនតែប៉ុណ្ណោះ ថៃតែងតែប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនជាយុទ្ធសាស្រ្តដើម្បីបំផ្លាញសមិទ្ធផល និងការរួមចំណែកសកម្មភាពមីនរបស់កម្ពុជា និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ការប្រើប្រាស់បញ្ហាមីនដើម្បីបង្កសកម្មភាព និងបញ្ហានានាដោយថៃ បានរំលោភបំពានស្មារតីនៃអនុសញ្ញាអូតាវ៉ា និងធ្វើឱ្យមានភាពបែកបាក់រវាងរដ្ឋភាគី និងសហគមន៍អន្តរជាតិ។\nថៃបានប្រើឧប្បតិ្តហេតុផ្ទុះមីនជាហេតុផល ដើម្បីបង្កជម្លោះប្រដាប់អាវុធជាមួយកម្ពុជា និងឈានពានទឹកដីកម្ពុជាដោយផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួន។ ថៃបានប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេងដែលបង្កដោយយោធាថៃមកលើកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគូឡាឡាំពួរ និងសេចក្តីថ្លែងការរួម។ នេះបើតាមអាជ្ញាធរមីនកម្ពុជា។ ទង្វើចោទប្រកាន់របស់ភាគីថៃដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវបែបនេះ បានធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងផ្អែកលើភស្តុតាង និងស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋភាគីទាំងអស់ជំរុញឱ្យមានការស៊ើបអង្កេតបច្ចេកទេសរួមគ្នា ចៀសវាងការចោទប្រកាន់ជាឯកតោភាគី។ ជាការកត់សម្គាល់៖ កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីនជាង ៣ពាន់គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សប្រមាណជាង ១,២លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់៕ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16435","languageVersionId":"13855","visibilityVersion":"2","versionToken":"a1.1h0XfgOc0HJDJnV6EwYmbIIOEXQjJSzN1Zymq5Eef3s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-03T10:00:10Z"}