# អ្នកដំណើរតាមផ្លូវអាកាសកើន១៤ភាគរយក្នុងពេល១០ខែឆ្នាំ២០២៥

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3534>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16429","languageVersionId":"13837","visibilityVersion":"2","versionToken":"a1.4-UZPHyUviaynokOfWxGwLVUBXJuwtAkimUXsvum_lY"}

Original publication: 2025-12-05T09:36:36Z

កម្ពុជាមានអ្នកដំណើរតាមអាកាសជាង៥,៧លាននាក់ ក្នុង១០ខែឆ្នាំ២០២៥ កើន១៤% ធៀបនឹងឆ្នាំ២០២៤។ សារលិខិតនាយករដ្ឋមន្ត្រីចុះផ្សាយថ្ងៃទី៥ ធ្នូ រៀបរាប់ពីក្រុមហ៊ុនអាកាសចរណ៍៣៥ តភ្ជាប់១៦ប្រទេស និង៣៩ទីក្រុង ខណៈទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១គ្រោងថ្ងៃទី៧ ធ្នូ។

កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាន៧សែនាក់ ក្នុងរយៈពេល១០ខែឆ្នាំ២០២៥។ តួលេខនេះកើនឡើង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់។ នេះបើតាមរបាយការណ៍នៅក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអបអរសារ«ទិវាជាតិអាកាសចរណ៍ស៊ីវិល»លើកទី១ ដែលបានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ។
ចំណែក កំណើន១៤ភាគរយនៃអ្នកដំណើរតាមផ្លូវអាកាសនេះ បើតាមសារលិខិតរបស់សម្តេចធិបតី បានបញ្ជាក់ថា ដោយសារ១០ខែនៃឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៦ប្រទេស និង៣៩ទីក្រុង។ ក្នុងនោះតភ្ជាប់ទៅកាន់៨ប្រទេសក្នុងតំបន់អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន។
សម្តេចធិបតីបានបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិល ក៏ជួយលើកស្ទួយការរីកចម្រើនសង្គម និងវប្បធម៌ ដោយតាមរយៈការតភ្ជាប់ការហោះហើរតាមផ្លូវអាកាសកាន់តែច្រើន បានជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ ការទាក់ទងជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។
គួររំលឹកថា «ទិវាជាតិអាកាសចរណ៍ស៊ីវិល» លើកទី១នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា»៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


