# រដ្ឋមន្ដ្រីទេសចរណ៍ រំពឹងថាអ្នកទេសចរចិន នឹងមកទស្សនាកម្ពុជាកាន់តែច្រើន ក្រោយលើកលែងទិដ្ឋាការ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3567>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16450","languageVersionId":"13900","visibilityVersion":"2","versionToken":"a1.jGf7RbGAi_VtNSV9AHqJHJsgNkOwHd5Noal2nQr0NbM"}

Original publication: 2025-12-07T09:14:32Z

រដ្ឋមន្ត្រីទេសចរណ៍រំពឹងថា ភ្ញៀវទេសចរចិននឹងកើនឡើងក្រោយវិធានការគាំទ្រវិស័យទេសចរណ៍។ អត្ថបទរាយការណ៍ពីការសម្រេចលើកលែងទិដ្ឋាការសាកល្បង ឱ្យពលរដ្ឋចិនស្នាក់នៅបាន១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ មិថុនា ដល់១៥ តុលា ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញនូវការរំពឹងខ្ពស់ថា អ្នកទេសចរជាជនជាតិចិននឹងមានកំណើនថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រនានាក្នុងការគាំទ្រដល់វិស័យទេសចរណ៍។ ក្នុងឱកាសឯកឧត្តម ហួត ហាក់ អញ្ជើញចូលរួមពិធីបើកមហោស្រពតន្ដ្រីទេសចរណ៍អន្ដរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរឆ្នាំទេសចរណ៍ចិន ឆ្នាំ២០២៥ ដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅខេត្ដសៀមរាប កាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ និងជាជន្ទល់សេដ្ឋកិច្ច ដែលចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញអនុវត្តនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។
ជាក់ស្តែង ក្នុងរយៈពេល ១០ខែ នៅឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិន មានចំនួនប្រមាណ ១ លាននាក់ ខណៈដែលនៅឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរចិន ប្រមាណ ២,៣ លាននាក់ ដែលស្មើប្រមាណមួយភាគបី នៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ថែមថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជា បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។ 
ដោយឈរលើស្មារតីនេះ ក្រោមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍, ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងដោយទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា៕ សម្រួល៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


