{"asset":"news","key":"3729","locale":"km","id":"news:3729:km","entityId":"news:3729","canonicalUrl":"https://www.kps-tv.com/km/news/detail/3729","state":"ready","title":"រដ្ឋលេខាធិការក្រសួងកសិកម្ម៖ ពង្រឹងការគ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរ តាមប្រព័ន្ធឌីជីថល","summary":"រដ្ឋលេខាធិការ ប្រាក់ ដាវីដ បានលើកឡើងពីប្រព័ន្ធ VMS ការដាក់ GPS លើទូកប្រមាណ១៥០០នៅខេត្តព្រះសីហនុ និងការប្រគល់មន្ទីរពិសោធន៍ចល័តសុខភាពវារីសត្វ ក្នុងពិធីថ្ងៃទី១៥ ធ្នូ។","body":"ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា អស្ថិរភាព ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងជួបប្រទះ ដូចនេះយើងត្រូវដឹងអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ដើម្បីរក្សាបាននូវការអភិវឌ្ឍ និងគុណតម្លៃមនុស្ស។ យើងទាំងអស់គ្នាគឺការរួបរួមគ្នាការពារសន្តិភាព ស្ថិរភាព និងបន្តពង្រឹងមូលដ្ឋានអភិវឌ្ឍន៍របស់ប្រទេសយើងឲ្យកាន់តែរឹងមាំ។\nឯកឧត្តម រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងដូចនេះនៅក្នុងកម្មវិជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន(ផ្នែកនេសាទ) ពិធីការពង្រឹងការងារគ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការតាមដាន ត្រួតពិនិត្យ គ្រប់គ្រង និងឃ្លាំមើលនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្រុងព្រះសីហនុ ដឹកនាំដោយ លោកជំទាវ ស៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះមានការអញ្ជើញចូលរួមក្រោមវត្តមាន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកស្រី រេបេកា ប៊ែល តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា លោកស្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានចូលរួម។\nឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ពិធីនាថ្ងៃនេះផ្តោតលើការពង្រឹងការងារ គ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល (VMS) ក្នុងការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រង។\nការប្រារព្ធពិធីបង្ហាញសមិទ្ធផលសំខាន់ៗទាក់ទងនឹងកិច្ចការគ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរតាមប្រព័ន្ធឌីជីថលសំដៅធានាបាននូវតម្លាភាព និងការទទួលខុសត្រូវខ្ពស់ និងតាមរយៈការគាំទ្រថវិកាដោយផ្ទាល់របស់សហគមន៍អឺរ៉ុបដល់រដ្ឋបាលជលផលដែលជាអ្នកអនុវត្តជំនួយបច្ចេកទេសរបស់អង្គការ FAO កម្មវិធី CAPFISH-Capture ដែលអនុវត្តពីឆ្នាំ២០១៩ ដល់ ២០២៥ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពង្រឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផលទឹកសាប សមុទ្រ និងតំបន់ឆ្នេរ ការធ្វើទំនើបកម្មការគ្រប់គ្រងវិស័យជលផល និងការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងស្ថាប័ន ។\nការធ្វើទំនើបកម្មប្រព័ន្ធតាមដានទូកនេសាទ(VMS) គឺជាកិច្ចការសំខាន់សម្រាប់ការគ្រប់គ្រងធនធានជលផលសមុទ្រ និងតំបន់ឆ្នេរ។ កាលពីមុន ពេលទូកនេសាទចេញពីកំពង់ផែគឺយើងមិនអាចដឹងថាទូកនេសាទនោះទៅដល់ណា និងធ្វើសកម្មភាពនេសាទនៅកន្លែងណាទេ ប៉ុន្តែពេលនេះ តាមរយៈប្រព័ន្ធតាមដានទូកនេសាទគឺយើងអាចទទួលព័ត៌មានទាន់ពេលវេលាអំពីទីតាំង ល្បឿន និងទិសដៅរបស់ទូកនេសាទដែលអាចជួយឲ្យយើងគ្រប់គ្រង ត្រួតពិនិត្យការនេសាទកាន់តែមានប្រសិទ្ធភាព ហើយទូកនេសាទនៅខេត្តព្រះសីហនុប្រមាណ១៥០០ទូក ត្រូវបានដាក់GPS តាមដាន និងត្រួតពិនិត្យ។\nឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធតាមដានទូកនេសាទ(VMS)នេះ វាមិនមែនប្រើប្រាស់សម្រាប់តែការគ្រប់គ្រងត្រួតពិនិត្យការនេសាទប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រព័ន្ធតាមដានមានតួនាទីសំខាន់ណាស់សម្រាប់ជួយការពារសុវត្ថិភាពពូមីងបងប្អូនប្រជានេសាទ។ ទូកនេសាទនេះ អនុញ្ញាតឲ្យយើងប្រាស្រ័យទាក់ទងគ្នាបាន ហើយអាជ្ញាធរអាចជូនដំណឹងទាន់ពេលវេលាដល់អ្នកនេសាទ ក្នុងករណីមានហានិភ័យ ឬគ្រោះថ្នាក់ ធានាថាការជួយសង្គ្រោះអាចធ្វើឡើងបានទាន់ពេលវេលា ឬក៏ជូនដំណឹងដល់បងប្អូនប្រជានេសាទថាគាត់បានចូលខិតទៅដល់តំបន់អភិរក្ស តំបន់ហាមឃាត់ការធ្វើនេសាទ តំបន់ព្រំដែនជាដើម។ កម្ពុជាក៏បានដាក់ចេញនូវផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ ឆ្នាំ២០២០-២០២៤ និងបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២៥ ហើយរបាយការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីឈានទៅដល់ការដក“កាតក្រហម”ពីប្រទេសកម្ពុជារបស់សហភាពអឺរ៉ុប។\nសូមបញ្ជាក់សារជាថ្មីដល់ម្ចាស់ទូក អ្នកនេសាទ និងដៃគូវិស័យឯកជនថា ការរៀបចំប្រព័ន្ធទាំងនេះ គឺមិនមែនមានគោលដៅក្នុងការត្រួតពិនិត្យដើម្បីដាក់ទោសទណ្ឌឡើយ ប៉ុន្តែយើងរៀបចំឡើងដើម្បីការពារជីវភាពរស់នៅ និងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ និងអាជីវករដែលធ្វើអាជីវកម្មផល និងផលិតផលជលផលទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។\nនាថ្ងៃនេះ យើងបានឈានមកដល់ដំណាក់កាលដ៏សំខាន់មួយទៀត គឺការប្រគល់ជូនមន្ទីរពិសោធន៍ចល័តផ្នែកសុខភាព វារីសត្វ ដល់រដ្ឋបាលជលផល ដែលជាការចូលរួមក្នុងការពង្រឹងសមត្ថភាពជាតិក្នុងការការពារ និងគ្រប់គ្រងជំងឺវារីសត្វ និងគាំទ្រការអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា៕\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16414","languageVersionId":"13792","visibilityVersion":"2","versionToken":"a1.fk4YSc_BV43GKw0qltoD6vaObJX24NS_0HSGGyLmbPU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-16T09:22:41Z"}