# ទូតរុស្ស៊ីនៅកម្ពុជា៖ មិនមានពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលឲ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានថៃលើកម្ពុជាទេ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3742>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16461","languageVersionId":"13933","visibilityVersion":"2","versionToken":"a1.MaRxsvqq2b2EtoGYUylsDXFlA24nQrhNKGlgkHfSLeE"}

Original publication: 2025-12-17T03:11:22Z

ឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik បដិសេធរបាយការណ៍ពីទាហានស៊ីឈ្នួលរុស្ស៊ីនៅកម្ពុជា ថ្ងៃទី១៦ ធ្នូ។ ស្ថានទូតនៅបាងកកក៏បដិសេធ និងព្រមានពីផលប៉ះពាល់ដល់ពលរដ្ឋនិងទំនាក់ទំនង។

លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលការផ្សាយរបស់ថៃថា មានពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលឲ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានថៃលើកម្ពុជា។
លោកបានបញ្ជាក់ថា «សេចក្តីប្រកាសរបស់ថៃ? មិនដែលមានព័ត៌មានបែបនេះទេ។ ដូច្នេះមិនមានភស្តុតាងអ្វីឡើយ។ បើថៃចោទដោយព័ត៌មានក្លែងក្លាយ យើងខាតពេលច្រើន។ ខ្ញុំមិនធ្វើអត្ថាធិប្បាយទេ»។
ទន្ទឹមគ្នានេះ ស្ថានទូតរុស្ស៊ីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏បានថ្លែងសារដូចគ្នាដែរ ដោយបញ្ជាក់ថាសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថា មានពលរដ្ឋរុស្ស៊ីបានធ្វើជាទាហានស៊ីឈ្នួល នៅក្នុងជម្លោះព្រំដែន រវាងថៃ និងកម្ពុជា គឺជារឿងមិនពិតនោះទេ។
ស្ថានទូតរុស្ស៊ី អះអាងបន្ថែមថា ព័ត៌មានដែលពលរដ្ឋរុស្ស៊ីមួយចំនួនធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងប្រទេសទាំង២ គឺជារឿងមិនពិត ហើយទំនងជាត្រូវបានប្រឌិតឡើងដោយពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបន្ថែមថា ការចោទប្រកាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសថៃ ដែលស្នាក់នៅក្នុងប្រទេសមួយនេះ ជាភ្ញៀវទេសចរណ៍ ឬធ្វើជំនួញ ហើយក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៊ី និងថៃផងដែរ។
សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មកនេះ មកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជាបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន ខណៈយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ។ កុមារជាង ១២៧ ០០០ នាក់បានរត់ភៀសខ្លួនជាមួយឪពុកម្តាយនិងក្រុមគ្រួសាររបស់ពួកគេ ចោលផ្ទះសម្បែង សាលារៀនជាដើមត្រូវបិទចោល។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥នាក់ និងរបួស ៧៣នាក់ ជនភៀសសឹកចំនួន ៤០៩ ២៩៣នាក់៕ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


