# កម្ពុជា–រុស្ស៊ី ពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈរុស្ស៊ីគាំទ្រការដោះស្រាយជម្លោះកម្ពុជា–ថៃដោយសន្តិវិធី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3815>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16122","languageVersionId":"13350","visibilityVersion":"2","versionToken":"a1.bt21QzX9EQHLdaZqQn7M-FfEWYibdXdlhuF5-FR0-WA"}

Original publication: 2025-12-21T03:33:24Z

លោក ប្រាក់ សុខុន បានជួបឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik នៅថ្ងៃទី១៩ ខែធ្នូ ដើម្បីពិភាក្សាទំនាក់ទំនងទ្វេភាគី និងស្ថានភាពជម្លោះកម្ពុជា-ថៃ។ ភាគីទាំងពីរបដិសេធរបាយការណ៍ថាពលរដ្ឋរុស្ស៊ីជាទាហានស៊ីឈ្នួលនៅកម្ពុជា ហើយបានលើកឡើងពីការឈប់បាញ់និងជំនួយជនភៀសសឹក។

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា–រុស្ស៊ី លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងកត់សម្គាល់អំពីខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា–រុស្ស៊ី ដែលនឹងអបអរសាទរនៅឆ្នាំ២០២៦ខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃជម្លោះកម្ពុជា–ថៃ និងបានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត ព្រមទាំងការសម្តែងនូវសមានចិត្តអាណិតអាសូរចំពោះជនស៊ីវិល ដែលរងផលប៉ះពាល់ពីជម្លោះនេះ។
ភាគីទាំងពីរ បានសម្តែងក្តីបារម្ភដូចគ្នា ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ហើយបានបដិសេធយ៉ាងតឹងរឹងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលគ្មានមូលដ្ឋាន ចោទប្រកាន់ថាពលរដ្ឋរុស្ស៊ី កំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះឯកឧត្តម Anatoly Borovik ចំពោះការគាំទ្រដល់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្ថានទូតសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ ដល់ប្រជាជនភៀសសឹកជាច្រើនគ្រួសារ តាមរយៈកាកបាទក្រហមកម្ពុជា។
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


