{"asset":"news","key":"3828","locale":"km","id":"news:3828:km","entityId":"news:3828","canonicalUrl":"https://www.kps-tv.com/km/news/detail/3828","state":"ready","title":"ម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ាន កោះប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស ដើម្បីពិភាក្សាស្ថានការណ៍កម្ពុជា–ថៃ","summary":"តាម Bernama ម៉ាឡេស៊ីនឹងកោះប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ដើម្បីពិភាក្សាស្ថានការណ៍កម្ពុជា-ថៃ និងជំហានគាំទ្រការបន្ធូរបន្ថយជម្លោះ។","body":"(គូឡាឡាំពួ)៖ តាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Bernama បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នឹងកោះប្រជុំពិសេសនៃបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សា និងដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។\nលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាមួយសម្រាប់កម្ពុជា និងថៃ ចូលរួមក្នុងកិច្ចសន្ទនាដោយបើកចំហ និងប្រកបដោយលក្ខណៈស្ថាបនា សំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំងពីរ។\nក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ថា កិច្ចប្រជុំពិសេសនេះ នឹងត្រូវរៀបចំឡើង ស្របតាមការសម្រេចចិត្តរួមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan។\nសេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃចន្ទនេះ នឹងក្លាយជាវេទិកាសម្រាប់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្លាស់ប្ដូរយោបល់អំពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ព្រមទាំងពិចារណាលើជំហាននានាដែលអាស៊ានអាចចូលរួមគាំទ្រ ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះ និងការបញ្ឈប់អរិភាព ដើម្បីផលប្រយោជន៍ដល់សន្តិភាព និងស្ថិរភាព រវាងប្រទេសសមាជិកអាស៊ានទាំងពីរ និងតំបន់ទាំងមូល។\nយោងតាមក្រសួងការបរទេសម៉ាឡេស៊ី កិច្ចប្រជុំពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បណ្ដារដ្ឋជាសមាជិកអាស៊ាន ក្នុងការថែរក្សាការរួបរួម និងសាមគ្គីភាព ព្រមទាំងតួនាទីស្នូលរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16115","languageVersionId":"13329","visibilityVersion":"2","versionToken":"a1.hJZZRLhi8o9ICsxgigoS8xaC9S5kWli21raTkUbbeBU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-21T09:59:06Z"}