{"asset":"news","key":"3851","locale":"km","id":"news:3851:km","entityId":"news:3851","canonicalUrl":"https://www.kps-tv.com/km/news/detail/3851","state":"ready","title":"សមាគមនិស្សិតកម្ពុជានៅចិន បរិច្ចាគថវិកាជាង ១៣០លានរៀល តាមរយៈព្រឹទ្ធសភា ជួយវីរយុទ្ធជន និងជនភៀសសឹក","summary":"សមាគមនិស្សិតកម្ពុជានៅចិនបានបរិច្ចាគថវិកា១៣០,៧៧០,០០០រៀល ចំនួន៣លើក តាមរយៈព្រឹទ្ធសភា ដើម្បីជួយវីរយុទ្ធជន និងជនភៀសសឹក។","body":"សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន មានជំនឿជាក់ និងទុកចិត្តយ៉ាងខ្ពស់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធកម្ពុជា និងមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្សក្នុងកិច្ចការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដូនតាខ្មែរ ជាពិសេសការសង្គ្រោះ និងការពារប្រជាពលរដ្ឋ ពីការឈ្លានពានរបស់កងទ័ពថៃ។\nជាការរួមចំណែកតាមរយៈការអំពាវនាវរបស់ លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងជាជំនួយការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមការងារសមាគមនិស្សិត បានរៀបចំមូលនិធិសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ដើម្បីជួយឧបត្ថម្ភដល់វីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹក ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ តាមរយៈព្រឹទ្ធសភាកម្ពុជា។\nអំណោយនេះ ត្រូវបានប្រគល់ជូនចំនួន ៣លើក មានទឹកប្រាក់សរុបចំនួន ១៣០,៧៧០,០០០ រៀល ដោយលើកទី១ ប្រគល់ជូនថវិកាចំនួន ១៦,៨០០,០០០ រៀល ដល់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥; លើកទី២ ប្រគល់ជូនថវិកាចំនួន ៥៣,៩៧០,០០០ រៀល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥; និងលើកទី៣ ប្រគល់ជូនថវិកាចំនួន ៦០,០០០,០០០ រៀល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ការប្រគល់ជូននេះ ធ្វើឡើងជូនលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តាមរយៈការសម្របសម្រួលរបស់ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន។\nជំនួយទាំងនេះ ជាជំនួយមនុស្សធម៌ដោយស្ម័គ្រចិត្ត ក្នុងគោលបំណងរួមចំណែកជាមួយស្ថាប័នព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់វីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹកខ្មែរ រាប់ម៉ឺននាក់ ដែលកំពុងរងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16098","languageVersionId":"13278","visibilityVersion":"2","versionToken":"a1.AdHNmLVNt_qSb-4KIOzxIxwBegDOLXy9xk7qKToGkyM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-23T03:15:36Z"}