# សមាគមនិស្សិតកម្ពុជានៅចិន បរិច្ចាគថវិកាជាង ១៣០លានរៀល តាមរយៈព្រឹទ្ធសភា ជួយវីរយុទ្ធជន និងជនភៀសសឹក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3851>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16098","languageVersionId":"13278","visibilityVersion":"2","versionToken":"a1.AdHNmLVNt_qSb-4KIOzxIxwBegDOLXy9xk7qKToGkyM"}

Original publication: 2025-12-23T03:15:36Z

សមាគមនិស្សិតកម្ពុជានៅចិនបានបរិច្ចាគថវិកា១៣០,៧៧០,០០០រៀល ចំនួន៣លើក តាមរយៈព្រឹទ្ធសភា ដើម្បីជួយវីរយុទ្ធជន និងជនភៀសសឹក។

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន មានជំនឿជាក់ និងទុកចិត្តយ៉ាងខ្ពស់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធកម្ពុជា និងមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្សក្នុងកិច្ចការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដូនតាខ្មែរ ជាពិសេសការសង្គ្រោះ និងការពារប្រជាពលរដ្ឋ ពីការឈ្លានពានរបស់កងទ័ពថៃ។
ជាការរួមចំណែកតាមរយៈការអំពាវនាវរបស់ លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងជាជំនួយការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមការងារសមាគមនិស្សិត បានរៀបចំមូលនិធិសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ដើម្បីជួយឧបត្ថម្ភដល់វីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹក ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ តាមរយៈព្រឹទ្ធសភាកម្ពុជា។
អំណោយនេះ ត្រូវបានប្រគល់ជូនចំនួន ៣លើក មានទឹកប្រាក់សរុបចំនួន ១៣០,៧៧០,០០០ រៀល ដោយលើកទី១ ប្រគល់ជូនថវិកាចំនួន ១៦,៨០០,០០០ រៀល ដល់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥; លើកទី២ ប្រគល់ជូនថវិកាចំនួន ៥៣,៩៧០,០០០ រៀល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥; និងលើកទី៣ ប្រគល់ជូនថវិកាចំនួន ៦០,០០០,០០០ រៀល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ការប្រគល់ជូននេះ ធ្វើឡើងជូនលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តាមរយៈការសម្របសម្រួលរបស់ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន។
ជំនួយទាំងនេះ ជាជំនួយមនុស្សធម៌ដោយស្ម័គ្រចិត្ត ក្នុងគោលបំណងរួមចំណែកជាមួយស្ថាប័នព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់វីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹកខ្មែរ រាប់ម៉ឺននាក់ ដែលកំពុងរងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


