# កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ដើម្បីពង្រឹងបទឈប់បាញ់ វិលទៅរកសន្តិភាពឡើងវិញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3853>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16097","languageVersionId":"13275","visibilityVersion":"2","versionToken":"a1.wfNRXalK38RR-9UH4avCq40590G6m9Y016v1DGlDLAA"}

Original publication: 2025-12-23T03:39:02Z

កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ថ្ងៃទី២៤ ខែធ្នូ ដោយស្នើបញ្ឈប់អរិភាព អនុវត្តកិច្ចព្រមព្រៀង និងធានាការវិលត្រឡប់របស់ជនស៊ីវិលដោយសុវត្ថិភាព។

កម្ពុជា បានសម្ដែងការគាំទ្រចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៤ធ្នូស្អែកនេះ ដោយសង្ឃឹមថាបទឈប់បាញ់ភ្លាមៗនឹងត្រូវកើតឡើងដើម្បីសន្តិភាពនៃប្រទេសទាំងពីរ។
ក្នុងលិខិតចុះថ្ងៃទី២២ ខែធ្នូ ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុន ណាកផានីត (Nattaphon Narkphanit) ដែលជាសហប្រធាន GBC របស់ថៃ  នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីថា «កម្ពុជាប្ដេជ្ញាចំពោះកិច្ចសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ផ្ញើជូនសមភាគីថៃ បានគូសបញ្ជាក់ថា កម្ពុជាបានស្នើរបៀបវារៈសំខាន់ៗមួយចំនួន រួមមានទាំងការបញ្ឈប់ជាបន្ទាន់នូវរាល់អរិភាព និងការគោរពពេញលេញ និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ព្រមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា និងកិច្ចព្រមព្រៀងផ្សេងទៀតដែលបានព្រមព្រៀងគ្នាក្រោមក្របខ័ណ្ឌដូចគ្នា។
របៀបវារៈអាទិភាពផ្សេងទៀតរួមមានការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង របស់ជនស៊ីវិលពីតំបន់ព្រំដែនដែលរងផលប៉ះពាល់ទៅលំនៅឋានរបស់ពួកគេ ព្រមទាំងការធ្វើឱ្យសកម្មឡើងវិញនូវការកំណត់ព្រំដែន និងវិធានការបោសសម្អាតមីនមនុស្សធម៌។
គូសបញ្ជាក់ថា ប្រធានប្តូរវេនអាស៊ានម៉ាឡេស៊ី កាលពីម្សិលមិញ បានរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលក្នុងនោះភាគីកម្ពុជា-ថៃ បានយល់ព្រមរៀបចំកិច្ចប្រជុំ GBC នៅថ្ងៃស្អែកនេះ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


