{"asset":"news","key":"3878","locale":"km","id":"news:3878:km","entityId":"news:3878","canonicalUrl":"https://www.kps-tv.com/km/news/detail/3878","state":"ready","title":"គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ជំរុញពន្លឿនរៀបចំជម្រកចល័ត ធានាជនភៀសសឹកចាស់ជរា កុមារ និងស្ត្រីមានផ្ទៃពោះ ទទួលបានជម្រកសមរម្យ","summary":"ឯកឧត្តម គន់ គីម ចុះពិនិត្យជម្រកចល័តនៅឧត្តរមានជ័យ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ និងជំរុញឱ្យពន្លឿនការរៀបចំ សម្រាប់ជនភៀសសឹកជាង៦០ម៉ឺននាក់ ជាពិសេសចាស់ជរា កុមារ និងស្ត្រីមានផ្ទៃពោះ។","body":"តបតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ជនភៀសសឹក ត្រូវបានដាក់ជាបន្ទុកអាទិភាពខ្ពស់ ដើម្បីធានាសុវត្ថិភាព និងការឧបត្ថម្ភស្បៀង អាហារ និងគ្រឿងឧបភោគបរិភោគឱ្យបានគ្រប់គ្រាន់។\nមានប្រសាសន៍បញ្ជាក់ដូចនេះ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំជម្រកចល័ត នៅមណ្ឌលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។\nឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ពិនិត្យឃើញថា ដោយសារកំណើនចំនួនជនភៀសសឹកបានកើនឡើង រហូតមានចំនួនសរុបប្រមាណជាង ៦០ម៉ឺននាក់ ដូច្នេះការរៀបចំជម្រកចល័តនៅមណ្ឌលសុវត្ថិភាព គឺជាការចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។\nឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជម្រកចល័តទាំងនេះ អាចទទួលជនភៀសសឹកបានជាច្រើនគ្រួសារ អាចការពារពីអាកាសធាតុបច្ចុប្បន្ន និងផ្តល់លទ្ធភាពស្នាក់នៅសមរម្យ សម្រាប់គ្រួសារភៀសសឹកដែលមានសមាជិកច្រើនផងដែរ។\nក្នុងអំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារ ពន្លឿនការរៀបចំជម្រកចល័តឱ្យបានលឿនបំផុត ដើម្បីឱ្យជនភៀសសឹក ជាពិសេសមនុស្សចាស់ជរា កុមារ និងស្ត្រីមានផ្ទៃពោះ អាចស្នាក់នៅបានក្រោមការយកចិត្តទុកដាក់ និងការថែរក្សាពីរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។\nបន្ទាប់ពីចុះពិនិត្យការរៀបចំជម្រកចល័តរួចមក ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានឆ្លៀតចុះសួរសុខទុក្ខ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ឱ្យគោរពតាមការណែនាំរបស់អាជ្ញាធរ និងជឿជាក់លើការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16076","languageVersionId":"13212","visibilityVersion":"2","versionToken":"a1.Xgfo_V30Ol897QBBNRCiEC2xud8QLDxe5wOHkv2x0Og"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-24T08:05:28Z"}