{"asset":"news","key":"3941","locale":"km","id":"news:3941:km","entityId":"news:3941","canonicalUrl":"https://www.kps-tv.com/km/news/detail/3941","state":"ready","title":"ខេត្តព្រះសីហនុទទួលគម្រោងវិនិយោគ ៤១២គម្រោង ទុនជិត៨ពាន់លានដុល្លារ អាចបង្កើតការងារប្រមាណ៥២,០០០កន្លែង","summary":"ក្រុមការងារបង្ហាញថា ឆ្នាំ២០២៤–២០២៥មានគម្រោង៤១២ទទួលការគាំទ្រ ទុនប្រមាណ៧៩៧១លានដុល្លារ និងអាចបង្កើតការងារប្រមាណ៥២០០០កន្លែង។ ឆ្នាំ២០២៥ គម្រោង១៩៩ទទួលគោលការណ៍លើកទឹកចិត្តពិសេស ហើយកម្មវិធីបន្តដល់ចុងឆ្នាំ២០២៧។","body":"ខណៈឆ្នាំ២០២៥ហៀបនឹងបញ្ចប់ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានបង្ហាញថា ក្នុងរយៈពេល២ឆ្នាំ គឺឆ្នាំ២០២៤–២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួនសរុប ៤១២គម្រោង ជាមួយទុនវិនិយោគប្រមាណ៧,៩៧១លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ៥២,០០០កន្លែង។\nព័ត៌មាននេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅក្រុងព្រះសីហនុក្នុងសប្តាហ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។\nកិច្ចប្រជុំបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥តែឯង ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន១៩៩គម្រោង ស្មើនឹង១៣៣ភាគរយ លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម១៥០គម្រោង។ ក្នុងនោះរួមមាន គម្រោងអគារកំពុងជាប់គាំង៩២គម្រោង, គម្រោងថ្មីដែលមិនពាក់ព័ន្ធអគារជាប់គាំង៩០គម្រោង, គម្រោងពង្រីក៩គម្រោង និងគម្រោងវិនិយោគ ឬធុរកិច្ចដែលមានស្រាប់៨គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ អប់រំ និងវិស័យផ្សេងៗទៀត។\nក្រៅពីនេះ ក្រុមការងារបានអនុវត្តវិធានការនានាដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ចសហការខ្ពស់ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។\nថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានជាក់ស្តែងទាំងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយរក្សាវិធានការដដែល និងបន្ថែមវិធានការថ្មីចំនួន៤រួមមាន៖\n ១. សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក ២. សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និងបច្ចេកវិទ្យា ៤. ជំរុញការប្រើប្រាស់ធាតុផ្សំ និងទំនិញផលិតក្នុងស្រុកនៅតាមសហគ្រាស និងរោងចក្រនានាក្នុងខេត្តព្រះសីហនុ។\nជាមួយគ្នានេះ កិច្ចប្រជុំក៏បានដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ និង២០២៧ ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ច និងពង្រឹងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព។\nគួរបញ្ជាក់ថា ក្នុងចំណោម៤១២គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេសក្នុងរយៈពេល២ឆ្នាំកន្លងមក មានគម្រោងដែលបានបញ្ចប់ការសាងសង់ ជួសជុល និងកែលម្អរួចរាល់ចំនួន១៣៤គម្រោង ស្មើនឹង៣៣%, គម្រោងកំពុងអនុវត្តការសាងសង់ ជួសជុល និងកែលម្អ ចំនួន១៦២គម្រោងស្មើនឹង៣៩% និងគម្រោងដែលមិនទាន់ចាប់ផ្តើមដំណើរការចំនួន ១១៦ គម្រោង ស្មើនឹង២៨%៕\n\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16050","languageVersionId":"13134","visibilityVersion":"2","versionToken":"a1.2FOs_1BH3YxamlHX_-Ob21Ggc-8VoREpPxJDbgYZaWc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T02:42:47Z"}