{"asset":"news","key":"3946","locale":"km","id":"news:3946:km","entityId":"news:3946","canonicalUrl":"https://www.kps-tv.com/km/news/detail/3946","state":"ready","title":"សៀមរាបក្លាយជាវេទិកាសាមគ្គី៖ អ្នកជិះកង់ជាង ២,០០០ នាក់ មកពី ២០ ជាតិសាសន៍ រួមគ្នាធ្វើសប្បុរសធម៌ “រួមគ្នាដើម្បីកម្ពុជា”","summary":"ព្រឹត្តិការណ៍ជិះកង់មនុស្សធម៌នៅសៀមរាបថ្ងៃទី២៨ ខែធ្នូ មានអ្នកចូលរួមប្រមាណជាង២០០០នាក់ពី២០ជាតិសាសន៍។ រដ្ឋមន្ត្រីទេសចរណ៍លោកហួត ហាក់បញ្ជាក់គោលបំណងពង្រឹងសាមគ្គីភាព និងជួយគ្រួសារជនភៀសសឹកដែលជួបការលំបាក។","body":"ព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» (Together for Cambodia in Solidarity Season) បានប្រារព្ធឡើងយ៉ាងអធិកអធម នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមជិះកង់ប្រមាណជាង ២,០០០ នាក់ មកពីជាតិសាសន៍ចំនួន ២០ ផ្សេងៗគ្នា។\nថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌នេះ មានគោលបំណងពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ ពង្រឹងស្មារតីឯកភាពផ្ទៃក្នុង និងចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់គ្រួសារជនភៀសសឹក ដែលកំពុងប្រឈមនឹងស្ថានភាពលំបាក។\nឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ដំបូងឡើយ ក្រុមការងាររំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ១,០០០ នាក់ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកចុះឈ្មោះបានកើនឡើងដល់ជាង ២,០០០ នាក់ ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព និងការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជាតិ និងអន្តរជាតិ ក្នុងការរួមគ្នាដើម្បីកម្ពុជា។\nឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌នេះ គឺជារូបភាពនៃការរួបរួមកម្លាំងដ៏អស្ចារ្យ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជួយគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈដ៏លំបាក ស្របតាមគោលការណ៍ «មិនទុកឲ្យនរណាម្នាក់នៅក្រោយ» (No One Is Left Behind)។\nក្នុងស្មារតីសាមគ្គីភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿជាក់ថា ប្រជាជនកម្ពុជា និងមិត្តភក្តិអន្តរជាតិទាំងអស់ នឹងអាចរួមគ្នាឆ្លងកាត់ការលំបាកនានាបានដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវ និងជូនពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរកម្សាន្តដោយមានទំនុកចិត្ត ព្រោះខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព បដិសណ្ឋារកិច្ចល្អ សក្ដានុពលទេសចរណ៍សម្បូរបែប និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។\nឯកឧត្តមបានបន្ថែមថា វិស័យទេសចរណ៍នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជា «មាសបៃតង» និងជា «ចន្ទល់សេដ្ឋកិច្ច» ដ៏រឹងមាំ សម្រាប់កម្ពុជា ហើយកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ដោយចាត់ទុកភ្ញៀវទាំងអស់ដូចជាសមាជិកគ្រួសាររបស់ខ្លួន៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16046","languageVersionId":"13122","visibilityVersion":"2","versionToken":"a1.2ok4l8mjbx3L6dj9_2_XTqsXLZAxrvF-_5XDZzj-Q80"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T03:39:08Z"}