# សមាគមនារីខេត្តកំពត នាំយកអំណោយជូនជនភៀសសឹកជាង ៩០០ គ្រួសារ នៅស្រុកអង្គរជ័យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4020>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15993","languageVersionId":"12963","visibilityVersion":"2","versionToken":"a1.exuha1TKhIDcIjUI3cv_-O7IDEEXnUdluF-JXf2JwTk"}

Original publication: 2026-01-01T04:00:28Z

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ដឹកនាំសាខាសមាគមនារីខេត្តកំពត ផ្តល់អំណោយដល់ជនភៀសសឹក ៩០៩ គ្រួសារ ដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិនៅស្រុកអង្គរជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ។

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត បានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹក មកពីបណ្ដាខេត្តផ្សេងៗ ដែលបាន និងកំពុងស្នាក់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិរបស់ខ្លួន ចំនួន ៩០៩ គ្រួសារ នៅស្រុកអង្គរជ័យ កាលពីរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។
ក្នុងឱកាសនោះ លោកជំទាវបានមានមតិសំណេះសំណាល ដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកសេចក្តីទុក្ខព្រួយ ព្រមទាំងការលំបាករបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងជួយលើកកម្ពស់សិទ្ធិ សុខមាលភាពរបស់បងប្អូនពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ។
លោកជំទាវ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពត បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក ឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសូមកុំមានការបារម្ភចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួល និងជួយឧបត្ថម្ភបងប្អូនជនភៀសសឹក។
លោកជំទាវបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ និងសម្តេចធិបតី ជាប្រមុខដឹកនាំ ប្រទេសជាតិតែងតែបានយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋជានិច្ច ហើយជាក់ស្តែងតាមគោលការណ៍ «ស្ងាត់តែមិននៅស្ងៀម» បាននាំមកនូវលទ្ធផលវិជ្ជមាន ដោយអាចនាំវីរកងទ័ពកម្ពុជាទាំង ១៨ រូប ត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។
ជាមួយគ្នានេះ លោកជំទាវក៏បានស្នើដល់បងប្អូនជនភៀសសឹក សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល ជាពិសេសលើសម្តេចតេជោ និងសម្តេចធិបតី ក្នុងការខិតខំស្វែងរកសន្តិភាពជូនជាតិ និងប្រជាជន ព្រមទាំងជឿជាក់លើវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាទាំងមូល៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


