{"asset":"news","key":"4053","locale":"km","id":"news:4053:km","entityId":"news:4053","canonicalUrl":"https://www.kps-tv.com/km/news/detail/4053","state":"ready","title":"ប្រាសាទអូរថ្មដាប់មានអាយុកាលជាង១២០០ឆ្នាំត្រូវបានជួសជុលឱ្យរឹងមាំឡើងវិញ","summary":"អ្នកជំនាញកំពុងជួសជុលប្រាសាទអូរថ្មដាប់អាយុជាង១២០០ឆ្នាំលើភ្នំគូលែន ក្នុងគម្រោង៤ខែ ដើម្បីអភិរក្ស និងលើកស្ទួយទេសចរណ៍។","body":"អ្នកជំនាញកំពុងជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋមានអាយុកាលជាង ១២០០ឆ្នាំឱ្យមានភាពរឹងមាំឡើងវិញ។ ប្រាសាទអូរថ្មដាប់ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កន្លងមក ប្រាសាទនេះមិនធ្លាប់មានការជួសជុលឡើយ គ្រាន់តែធ្លាប់មានការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការថែទាំទល់ទ្រសម្អាតជាប្រចាំប៉ុណ្ណោះ។ មុនពេលជួសជុល ប្រាសាទនេះមានការប្រេះហែកផ្នែកខាងកើតពីក្រោមដល់លើ និងស្រុតថ្មជាដើម។ល។\nគម្រោងជួសជុលប្រាសាទនេះមានរយៈពេល៤ខែដោយក្រុមផ្នែកអភិរក្ស។ នេះបើតាមលោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា។ ក្រៅពីការជួសជុល ក្រុមការងារក៏បានសម្អាតរុក្ខជាតិដែលនៅផ្នែកកំពូលឱ្យបានស្អាតផងដែរ។ ប្រាសាទអូរថ្មដាប់នៅមានរូបរាងពេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់នៅតាមជ្រុងនីមួយៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន។\nបើតាមលោក ឮ ចាន់ណូរ៉ា ក្នុងគម្រោងជួសជុលនេះ ក្រុមការងារបានដំឡើងខ្លោងទ្វារឡើងវិញ ដែលជាការបន្ថែមសោភ័ណភាពប្រាសាទ និងទាក់ទាញដល់អ្នកទេសចរចូលទៅទស្សនាឱ្យកាន់តែច្រើន។ ជាប្រាសាទមួយក្នុងចំណោមប្រាសាទឥដ្ឋតិចតួចនៅលើភ្នំគូលែន ដែលបន្សល់នូវរូបរាងពេញលេញ ក្រៅពីនោះ គឺនៅសល់ស្នាកស្នាមបន្តិចបន្តួច ដូចជាគ្រឹះឬគំនរឥដ្ឋប៉ុណ្ណោះ»។ អ្នកបុរាណវិទូរូបនេះ បញ្ជាក់បន្ថែមថា ការងារជួសជុលនេះដើម្បីអភិរក្សប្រាសាទបុរាណផង និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់ភ្នំគូលែនផង។\nជាការកត់សម្គាល់៖ ដ្បិតថានៅឆ្ងាយពីតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែកន្លងមកថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ និងជំរុញឱ្យក្រុមការងាររៀបចំគម្រោងជួសជុលប្រាសាទនៅតំបន់ភ្នំគូលែនជាហូរហែ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15966","languageVersionId":"12884","visibilityVersion":"2","versionToken":"a1.LN9oXfd11wDr5qM6QRirPl821qOr-rh2HxON1t0lQOI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-02T07:44:42Z"}