# អាជ្ញាធរក្រុងព្រះសីហនុដេញអ្នកលក់ម្ហូបនៅតាមឆ្នេរម្នាក់ចេញឈប់ឱ្យលក់ដោយសារលក់កោរភ្ញៀវក្នុងថ្ងៃចូលឆ្នាំសកល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4078>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15888","languageVersionId":"12760","visibilityVersion":"2","versionToken":"a1.wLt9cPYMwXezCFQwMdHF45vzemao7y3sFOQIBzeUnGc"}

Original publication: 2026-01-03T08:26:33Z

អភិបាលក្រុង សរ កក្កដា បង្ហោះនៅថ្ងៃទី២ ខែមករា ឱ្យអ្នកលក់ស្រីម្នាក់រកកន្លែងថ្មី ក្រោយការណែនាំកុំឆ្លៀតឱកាសកោរភ្ញៀវទេសចរពេលបុណ្យ។

អ្នកលក់ម្ហូបអាហារនៅតាមឆ្នេរម្នាក់ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុបណ្តេញឱ្យទៅរកកន្លែងលក់ថ្មីឈប់ឱ្យលក់នៅតាមឆ្នេរបន្តទៀត។ ការបណ្តេញឱ្យទៅរកកន្លែងថ្មីដូច្នេះ ទំនងដោយសារតែអ្នកលក់ម្ហូបអាហាររូបនេះឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។ បើតាមទំព័រហ្វេសប៊ុករបស់លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ «ណែនាំរួចហើយ! កុំឆ្លៀតឱកាសកោរភ្ញៀវទេសចរ តែបងស្រីនៅតែឆ្លៀត!។ កុំឱ្យប៉ះពាល់ដល់អ្នកល្អ សូមបងស្រីរកកន្លែងថ្មីចុះ»។
ចំណាត់ការរបស់អាជ្ញាធរក្រុងព្រះសីហនុលើអាជីវករឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរក្នុងថ្ងៃបុណ្យដូច្នេះ ទទួលបានការសាទរពីប្រជាពលរដ្ឋជាច្រើន ក្រោយលោកអភិបាលក្រុងបង្ហោះលើបណ្តាញសង្គម។ ក្នុងនោះអ្នកខ្លះលើកឡើងថា៖ «គាំទ្របង! អ្នកលក់ខ្លះពិតជាពិបាកនិយាយគ្នានិងយល់គ្នាណាស់» និងអ្នកខ្លះទៀតលើកឡើងដូច្នេះថា៖ «ខ្ញុំសូមសំណូមពរគួរតែឈប់ប្រើវិធានការបែបណែនាំទៀតទៅ ឱ្យតែល្មើសគឺធ្វើតាមគោលការណ៍តែម្ដង យោគយល់ពេកមនុស្សលែងខ្លាច»។
ទោះបីជាយ៉ាងណា កាលពីពេលអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរក្រុងព្រះសីហនុ ក៏ធ្លាប់បណ្តេញអាជីវករលក់ម្ហូបអាហារនៅតាមឆ្នេរម្នាក់ចេញ ឈប់ឱ្យលក់នៅតាមឆ្នេរដែរ ដោយសារឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរ។ មិនតែប៉ុណ្ណោះ រាល់មានកម្មវិធីផ្សេងៗ ឬពិធីបុណ្យជាតិធំៗ អាជ្ញាធរក្រុង តែងតែណែនាំអាជីវករកុំឱ្យដំឡើងថ្លៃហួសហេតុទៅលើកន្លែងស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មផ្សេងៗ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


