{"asset":"news","key":"4142","locale":"km","id":"news:4142:km","entityId":"news:4142","canonicalUrl":"https://www.kps-tv.com/km/news/detail/4142","state":"ready","title":"អាជ្ញាធរអប្សរាថាករណីហិង្សានៅតំបន់អង្គរជារឿងចាស់បង្កដោយភ្ញៀវទេសចរជនជាតិអាមេរិក និងរុស្ស៊ី","summary":"អាជ្ញាធរអប្សរាថា វីដេអូថ្មីដែលនិយាយពីអំពើហិង្សានៅអង្គរ ពាក់ព័ន្ធហេតុការណ៍ថ្ងៃទី៧ កុម្ភៈ ២០២៤ រវាងភ្ញៀវអាម៉េរិកនិងរុស្ស៊ី ហើយបានសម្របសម្រួលបញ្ចប់នៅថ្ងៃកើតហេតុ។","body":"ថ្មីៗនេះគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថា ខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរនៃប្រទេសកម្ពុជា។ ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤មកម៉្លេះ ដែលបង្កឡើងដោយភ្ញៀវទេសចរជនជាតិអាមេរិក១រូបនិងភ្ញៀវជនជាតិរុស្ស៊ី១រូប ពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ។\nក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៥ ខែមករា បានបញ្ជាក់បន្ថែមថា មូលហេតុដែលភាគីទាំងពីរបង្កជាហិង្សា ដោយសារដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក នៅបរិវេណខាងកើតសាលរបាំនៃប្រាសាទតាព្រហ្ម។ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងបានបញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះស្រាយគ្នា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហានេះ តាំងពីថ្ងៃកើតហេតុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចមានកំណត់ហេតុជូនភ្ជាប់មកជាមួយ។\nមិនតែប៉ុណ្ណោះ ភាគីទាំងពីរ បានធ្វើការសុំទោសអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនកម្ពុជា ចំពោះបញ្ហាដែលពួកគាត់បានបង្កនេះ និងបានសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនៅទីតាំងប្រាសាទជាទីសក្ការៈរបស់កម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15591","languageVersionId":"12323","visibilityVersion":"2","versionToken":"a1.dqTGgdiXJtXax4a8aINz4uZSMkUdmyZXQcmeyc3cvpU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-06T09:37:49Z"}