# ដឹងមូលហេតុបាក់ស្រុតដីនៅចំកណ្តាលផ្លូវជាតិលេខ៤ហើយ!មន្រ្តីជំនាញចាក់ដីបំពេញបន្ថែម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4154>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15583","languageVersionId":"12299","visibilityVersion":"2","versionToken":"a1.i5G0qhxUmktGAA4YSfuIi8B25xx2V2leboAkYMep7A0"}

Original publication: 2026-01-07T06:37:08Z

ក្រសួងថា លូចាស់ជាង ៦០ ឆ្នាំបាក់ និងទឹកហូរច្រោះ បណ្ដាលឱ្យផ្លូវជាតិលេខ៤បាក់ស្រុត។ ក្រុមការងារបានចាក់ដីបង្ហាប់បណ្ដោះអាសន្ន និងដាក់ផ្លាកសុវត្ថិភាព ដើម្បីបើកចរាចរណ៍វិញ។

ផ្លូវជាតិលេខ៤ នៅម្តុំបុរីលនសុធី ក្នុងសង្កាត់បិតត្រាំង ក្រុងព្រះសីហនុ រងការបាក់ស្រុតដីនៅចំពាក់កណ្តាលទ្រូងផ្លូវ ដែលនាំឱ្យមានភ្ញាក់ផ្អើលដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីបច្ចេកទេស ចុះពិនិត្យទីតាំងបាក់ស្រុតនេះដោយផ្ទាល់នៅថ្ងៃទី០៦ ខែមករា។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីតាំងដីដែលបាក់ស្រុតនេះកើតឡើងដោយសារបាក់លូដែលនៅក្រោមផ្លូវនេះដែលមានអាយុកាលចាស់ប្រមាណជាង ៦០ឆ្នាំហើយ ពោលគឺអំឡុងពេលសាងសង់ផ្លូវជាតិលេខ៤ ក្រោមជំនួយរបស់រដ្ឋាភិបាលអាម៉េរិកមកម្ល៉េះ និងដោយសារទឹកហូរច្រោះក្រោមតួផ្លូវក្នុងអំឡុងភ្លៀងធ្លាក់ជោគជាំនារដូវវស្សាកន្លងមក។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាឱ្យក្រុមការងារចាក់ដីលុបដើម្បីសម្រួលចរាចរណ៍ ការពារកុំឱ្យមានគ្រោះថ្នាក់ ហើយនឹងរៀបចំសាងសង់ប្រព័ន្ធលូឱ្យបានល្អឡើងវិញ និងកែសម្រួលមុខទឹកចូល និងមុខទឹកចេញឱ្យបានត្រឹមត្រូវ។ ឯកឧត្តម បញ្ជាក់ថាក្រសួងក៏នឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាម៉េរា ROBOT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹងនៅលើផ្លូវជាតិលេខ៤។
បច្ចុប្បន្នក្រុមការងារបានចាក់ដីលុបបង្ហាប់បំពេញបណ្តោះអាសន្ន បានដាក់ផ្លាកសញ្ញាសុវត្ថិភាពលើទីតាំងបាក់ស្រុតនេះ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរទៅ-មកបានជាធម្មតាវិញហើយ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


