{"asset":"news","key":"4174","locale":"km","id":"news:4174:km","entityId":"news:4174","canonicalUrl":"https://www.kps-tv.com/km/news/detail/4174","state":"ready","title":"អាជ្ញាធរកំពង់ធំ ពង្រឹងការបង្ក្រាបដាច់ខាត លើបទល្មើសនេសាទខុសច្បាប់","summary":"កម្លាំងចម្រុះនៅកំពង់ធំបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅតំបន់មួយចំនួន និងប្រលែងត្រីជាង៣០គីឡូក្រាម។ លោក សោម ស៊ុន ណែនាំឱ្យបន្តបង្ក្រាបជាប្រចាំ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពខុសច្បាប់។","body":"ខេត្តកំពង់ធំ៖ដោយមានការណែនាំ និងដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានណែនាំ និងពង្រឹងដល់កងកម្លាំងប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅទីបញ្ជាការស្រាលប្រចាំការ ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យបន្តសកម្មភាពជាប្រចាំថ្ងៃ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។\nកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ក្អែកដេក និងតំបន់តាកន ក្នុងភូមិសាស្ត្រឃុំម្សារក្រង ស្រុកស្ទោង។ ជាលទ្ធផល បានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន ៦ របាំង ប្រវែងសរុបជាង ១,៨០០ ម៉ែត្រ បំផ្លាញឡុកសាច់អួន ចំនួន ៥ គ្រឿង លប ឬ លូ ចំនួន ១២ មាត់ និងបានប្រលែងត្រីចម្រុះជាង ៣០ គីឡូក្រាម ទៅក្នុងធម្មជាតិវិញ។\nជាមួយគ្នានោះដែរ លោកអនុសេនីយ៍ឯក ហែម ថន ដែលប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ បានដឹកនាំកងកម្លាំង សហការជាមួយសមត្ថកិច្ចជំនាញ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់កោះខ្លា ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញរបាំងសាច់អួនក្រឡាញឹក ចំនួន ១ របាំង ប្រវែងជាង ២០០ ម៉ែត្រ ព្រមទាំងបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនផ្សេងទៀតផងដែរ។\nឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សា និងស្តារឡើងវិញនូវធនធានមច្ឆជាតិ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋមួយចំនួន ដែលនៅតែប្រើប្រាស់ឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ សូមមេត្តាបញ្ឈប់សកម្មភាពខុសច្បាប់ស្ដីពីជលផល ចាប់ពីពេលនេះតទៅ ដើម្បីឲ្យយើងទាំងអស់គ្នារួមចំណែកថែរក្សាពូជត្រី ឲ្យសម្បូរបែប និងមានចីរភាពតទៅមុខ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15572","languageVersionId":"12266","visibilityVersion":"2","versionToken":"a1.WhGrFHNvXPwftdSVekoVZhsE5i4mGa_2uyLhjm1kp7w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T07:20:57Z"}