# អាជ្ញាធរកំពង់ធំ ពង្រឹងការបង្ក្រាបដាច់ខាត លើបទល្មើសនេសាទខុសច្បាប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4174>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15572","languageVersionId":"12266","visibilityVersion":"2","versionToken":"a1.WhGrFHNvXPwftdSVekoVZhsE5i4mGa_2uyLhjm1kp7w"}

Original publication: 2026-01-08T07:20:57Z

កម្លាំងចម្រុះនៅកំពង់ធំបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅតំបន់មួយចំនួន និងប្រលែងត្រីជាង៣០គីឡូក្រាម។ លោក សោម ស៊ុន ណែនាំឱ្យបន្តបង្ក្រាបជាប្រចាំ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពខុសច្បាប់។

ខេត្តកំពង់ធំ៖ដោយមានការណែនាំ និងដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានណែនាំ និងពង្រឹងដល់កងកម្លាំងប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅទីបញ្ជាការស្រាលប្រចាំការ ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យបន្តសកម្មភាពជាប្រចាំថ្ងៃ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ក្អែកដេក និងតំបន់តាកន ក្នុងភូមិសាស្ត្រឃុំម្សារក្រង ស្រុកស្ទោង។ ជាលទ្ធផល បានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន ៦ របាំង ប្រវែងសរុបជាង ១,៨០០ ម៉ែត្រ បំផ្លាញឡុកសាច់អួន ចំនួន ៥ គ្រឿង លប ឬ លូ ចំនួន ១២ មាត់ និងបានប្រលែងត្រីចម្រុះជាង ៣០ គីឡូក្រាម ទៅក្នុងធម្មជាតិវិញ។
ជាមួយគ្នានោះដែរ លោកអនុសេនីយ៍ឯក ហែម ថន ដែលប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ បានដឹកនាំកងកម្លាំង សហការជាមួយសមត្ថកិច្ចជំនាញ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់កោះខ្លា ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញរបាំងសាច់អួនក្រឡាញឹក ចំនួន ១ របាំង ប្រវែងជាង ២០០ ម៉ែត្រ ព្រមទាំងបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនផ្សេងទៀតផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សា និងស្តារឡើងវិញនូវធនធានមច្ឆជាតិ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋមួយចំនួន ដែលនៅតែប្រើប្រាស់ឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ សូមមេត្តាបញ្ឈប់សកម្មភាពខុសច្បាប់ស្ដីពីជលផល ចាប់ពីពេលនេះតទៅ ដើម្បីឲ្យយើងទាំងអស់គ្នារួមចំណែកថែរក្សាពូជត្រី ឲ្យសម្បូរបែប និងមានចីរភាពតទៅមុខ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


