{"asset":"news","key":"4176","locale":"km","id":"news:4176:km","entityId":"news:4176","canonicalUrl":"https://www.kps-tv.com/km/news/detail/4176","state":"ready","title":"ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កម្ពុជា នឹងមានរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀត នៅខេត្តក្រចេះ ជាមួយទុនវិនិយោគប្រមាណ ២៨៦ លានដុល្លារ","summary":"ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា រោងចក្រស៊ីម៉ងត៍ថ្មីនៅក្រចេះមានទុនប្រមាណ២៨៦លានដុល្លារ និងអាចបង្កើតការងារប្រមាណ៤២០កន្លែង។ រោងចក្រគ្រោងដំណើរការចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។","body":"យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជា នឹងមានរោងចក្រផលិតស៊ីម៉ងត៍មួយទៀត នៅខេត្តក្រចេះ ក្នុងពេលឆាប់ៗខាងមុខ ជាមួយទុនវិនិយោគប្រមាណ ២៨៦ លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ ៤២០ កន្លែង។\nដោយឡែក អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងថា រោងចក្រនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ហើយមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១ លានតោនក្នុងមួយឆ្នាំ។\nបច្ចុប្បន្ននេះ កម្ពុជា អាចផលិតស៊ីម៉ងត៍បានចន្លោះពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ សម្រាប់ការប្រើប្រាស់ក្នុងស្រុក។ ក្រៅពីការបំពេញតម្រូវការក្នុងស្រុក កម្ពុជា ក៏បាននាំចេញស៊ីម៉ងត៍ទៅកាន់ប្រទេសជិតខាងមួយចំនួនផងដែរ។\nទោះបីជាការផលិតក្នុងស្រុកមានភាពគ្រប់គ្រាន់ក៏ដោយ លោក អ៊ឹង ឌីប៉ូឡា បានពន្យល់ថា ក្នុងករណីខ្លះ កម្ពុជា នៅតែនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់គម្រោងសាងសង់នៅតាមខេត្តឆ្ងាយៗ ដែលត្រូវចំណាយថ្លៃដឹកជញ្ជូនខ្ពស់។\nលោកបានបន្ថែមថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ កំពុងដំណើរការ ក្នុងនោះមានរោងចក្រចំនួន ៤ ស្ថិតនៅខេត្តកំពត និងរោងចក្រចំនួន ២ ស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិតសរុបប្រមាណ ១៤ លានតោនក្នុងមួយឆ្នាំ។\nលោក អ៊ឹង ឌីប៉ូឡា ក៏បានកត់សម្គាល់ថា នៅឆ្នាំ ២០២៥ វិស័យរ៉ែរបស់កម្ពុជា បានបង្កើតការងារជាង ១០.០០០ កន្លែង កើនឡើងជិត ១០ ភាគរយ។ ក្នុងចំណោមកម្មករទាំងនេះ មានជនបរទេសចំនួន ១.០៩០ នាក់។ ទោះជាយ៉ាងណា ចំនួនកម្មករបរទេស បានថយចុះជាបន្តបន្ទាប់ ដោយសារពលរដ្ឋកម្ពុជាកាន់តែច្រើន ត្រូវបានបណ្តុះបណ្តាល និងជួលឲ្យធ្វើការនៅក្នុងវិស័យនេះ។\nដោយឡែក ពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានលើកទឹកចិត្តឲ្យងាកមកចាប់ការងារធ្វើនៅក្នុងស្រុកវិញ ដែលមានប្រាក់ឈ្នួលសមរម្យ ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់បង្កើតឱកាសវិនិយោគជាច្រើន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសការបណ្តុះបណ្តាលជំនាញ T-VET និងជំនាញក្នុងវិស័យរ៉ែជាដើម៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15571","languageVersionId":"12263","visibilityVersion":"2","versionToken":"a1.VnY6ZX_Yyprr3y2JH2mnufsqc56g8MrO621OT5Xe2yk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T07:35:57Z"}