# អ្នកលេងគុនចម្រុះកម្ពុជា៥រូប ធ្វើដំណើរទៅប្រកួតជើងឯកអាស៊ី និងជម្រុះកីឡាអាស៊ី ឆ្នាំ២០២៦ នៅចិន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4191>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15609","languageVersionId":"12363","visibilityVersion":"2","versionToken":"a1.HhkaUbVPi-_V_1x7XV2-u7PJq3TP7THyOojCxP1Mxws"}

Original publication: 2026-01-09T03:03:32Z

កីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជា៥រូប ត្រៀមចូលរួមជើងឯកអាស៊ីលើកទី៣ និងការប្រកួតជម្រុះកីឡាអាស៊ី នៅទីក្រុង Luzhou ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់១១ ខែមករា។

កីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជា៥រូប បាននឹងកំពុងត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ (AMMA Championship) និងជាការប្រកួតជម្រុះកីឡាអាស៊ី ឆ្នាំ២០២៦ នៅទីក្រុង Luzhou ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩-១១ ខែមករាចុងសប្ដាហ៍នេះ។
បេសកកម្មនេះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុប ៨រូប ដឹកនាំដោយលោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធ ហើយមានកីឡាករ-កីឡាការិនី ៥រូប រួមមានកីឡាការិនី ខៀវ ចិន្តារ័ត្ន ម្ចាស់មេដាយមាស កំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៤ រួមជាមួយម្ចាស់មេដាយប្រាក់កីឡាការិនី គន្ធ វណ្ណនីតា និងម្ចាស់មេដាយសំរឹទ្ធ ផេង សុបញ្ញា។ រីឯ ២រូបទៀត ជាអត្តពលិកថ្មី គឺមានកីឡាការិនី ចេង ដាលីន និង ម៉ាប់ សុខហួយ។
លោក ជឹម ធារ៉ា បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ មានអត្តពលិកមកពីជិត ២០ប្រទេសចូលរួម ហើយក្រៅពីការប្រកួតជើងឯក AMMA Championship លើកទី៣ ក៏ជាការប្រកួតជម្រុះដណ្ដើមសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដ្បិតជាឆ្នាំដំបូង នៃការបញ្ចូលកីឡាយុទ្ធគុនចម្រុះក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ ហើយក៏ជាការប្រកួតជម្រុះដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៧ ឆ្នាំ២០២៦ នៅអារ៉ាប៊ីសាអូឌីតផងដែរ។
លើសពីនេះ ក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ សមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) ក៏បានអញ្ជើញមន្ដ្រីបច្ចេកទេសកម្ពុជា ២រូបចូលរួមបំពេញការងារក្នុងការប្រកួត នៅប្រទេសចិននេះផងដែរ គឺមានលោក ជឹម ធារ៉ា ជាអនុប្រធានអាជ្ញាកណ្តាល និងកញ្ញា ខៃ ប៊ុណ្ណារី ជាមន្ត្រីបច្ចេកទេសអន្តរជាតិ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


