{"asset":"news","key":"4192","locale":"km","id":"news:4192:km","entityId":"news:4192","canonicalUrl":"https://www.kps-tv.com/km/news/detail/4192","state":"ready","title":"អ្នកនាំពាក្យអាកាសចរស៊ីវិល៖ មិនមានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជាទេ","summary":"អ្នកនាំពាក្យអាកាសចរស៊ីវិល ស៊ីន ចាន់សិរីវុត្ថា បានបដិសេធការធ្វើទុក្ខបុកម្នេញ ឬរើសអើងអ្នកដំណើរថៃ នៅថ្ងៃទី៧ ខែមករា ដោយបែងចែកអ្នកចាកចេញមានប្រវត្តិច្បាស់ និងអ្នកចូលកម្ពុជាមិនមានប្រវត្តិពីមុន ដែលត្រូវសួរនាំ និងបង្ហាញឯកសារគាំទ្រដើម្បីសន្តិសុខ។","body":"អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ នេះជាការឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា។\nលោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ។ ជាមួយគ្នានេះ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយមិនមានប្រវត្តិចូលមកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។\nលោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។\nសូមបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, រើសអើង, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀតពេលទៅដល់ទីក្រុងភ្នំពេញ។\nស្ថានឯកអគ្គរាជទូត បន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15608","languageVersionId":"12360","visibilityVersion":"2","versionToken":"a1.LuB3PX3hlKN0C0av92Ni4F7C-VJaOBXk39LpPBL-_ss"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-09T03:20:23Z"}