# អាម៉េរិក ប្រកាសផ្ដល់ជំនួយ៤៥លានដុល្លារសម្រាប់ជនភៀសសឹក ការដោះមីន និងបោសសម្អាតការឆបោកតាមអនឡាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4223>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15531","languageVersionId":"12143","visibilityVersion":"2","versionToken":"a1.hSGHrcJUboAjRyF8G7hCfvqK926iGnOGOrMZwmCpzgU"}

Original publication: 2026-01-10T07:59:38Z

លោក Michael DeSombre ថ្ងៃទី៩ ខែមករា ប្រកាសជំនួយអាម៉េរិកប្រមាណ៤៥លានដុល្លារ៖ ១៥លានសម្រាប់ស្ថិរភាពព្រំដែន និងសហគមន៍ ១០លានសម្រាប់ដោះមីន និង២០លានសម្រាប់ជួយកម្ពុជា-ថៃប្រឆាំងការឆបោក និងការជួញដូរគ្រឿងញៀន។

អាម៉េរិក សម្រេចផ្ដល់ជំនួយប្រមាណ៤៥លានដុល្លារសម្រាប់ជួយជនភៀសសឹកដោយសារជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ ការដោះមីន និងការបោសសម្អាតការឆបោកតាមអនឡាញ។ ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក Michael DeSombre និយាយនៅថ្ងៃទី៩ ខែមករានេះថា អាម៉េរិកនឹងបែងចែកជំនួយនេះតាមរយៈការជជែកជាមួយមន្រ្តីកម្ពុជា និងថៃក្នុងដំណើរទស្សនៈកិច្ចរបស់លោកនៅប្រទេសទាំងពីរ។
ដើម្បីជួយសម្រេចបានគោលដៅនេះ អាម៉េរិកផ្តល់ថវិកាចំនួន១៥ លានដុល្លារអាមេរិកសម្រាប់ស្ថិរភាពព្រំដែនដើម្បីជួយសហគមន៍ឱ្យងើបឡើងវិញ និងគាំទ្រដល់ជនភៀសខ្លួន។ ថវិកា១០លានដុល្លារទៀត ត្រូវប្រើសម្រាប់ប្រតិបត្តិការដោះមីន និងបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះ និង២០ លានដុល្លារអាម៉េរិក សម្រាប់គំនិតផ្តួចផ្តើមដែលនឹងជួយប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។
លោក DeSombre ថា អាម៉េរិកនៅតែចង់ឃើញសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ហើយអាម៉េរិកនឹងបន្តគាំទ្ររដ្ឋាភិបាលទាំងពីរលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពសម្រាប់ប្រជាជនទាំងពីរ និងតំបន់ជារួមផងដែរ៕ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


