# បង្ក្រាបករណីចាប់បង្ខាំងនិងជំរិតទារប្រាក់៥ម៉ឺនដុល្លារនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់និងរំដោះជនរងគ្រោះបាន៩នាក់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4230>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15527","languageVersionId":"12131","visibilityVersion":"2","versionToken":"a1.T6JfbodtH9pVsau50QZjwu5tendQZJlLYtP7y3rHMmM"}

Original publication: 2026-01-10T10:42:38Z

នគរបាលព្រហ្មទណ្ឌ និងនគរបាលត្បូងឃ្មុំបានរំដោះជនរងគ្រោះ៩នាក់ និងឃាត់ជនសង្ស័យចិន៥នាក់ ក្នុងប្រតិបត្តិការថ្ងៃទី៧ ខែមករា ពាក់ព័ន្ធការបង្ខាំង និងជំរិតទារប្រាក់៥ម៉ឺនដុល្លារ។

កម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមករា បានស្រាវជ្រាវបង្ក្រាបករណីបង្ខាំង និងជំរិតទារប្រាក់៥ម៉ឺនដុល្លារ ដោយរំដោះជនរងគ្រោះសរុប៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់យកមកអនុវត្តនិតិវិធីច្បាប់។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ  បានឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការការបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី០២ ខែមករាកន្លងទៅ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានសុទ្ធតែជាជនជាតិចិន នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


