{"asset":"news","key":"4256","locale":"km","id":"news:4256:km","entityId":"news:4256","canonicalUrl":"https://www.kps-tv.com/km/news/detail/4256","state":"ready","title":"អាជ្ញាធររាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរនៅសប្តាហ៍ក្រោយ","summary":"រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវជុំវិញផ្សារដើមគរចាប់ពីថ្ងៃទី១៨ ខែមករា ហើយអំពាវនាវឱ្យអាជីវករប្តូរទៅផ្សារដើមគរថ្មី ដោយមានការអនុគ្រោះថ្លៃឈ្នួលតូប និងអត្ថប្រយោជន៍ផ្សេងៗ។","body":"ចាប់ពីថ្ងៃអាទិត្យ ទី១៨ ខែមករាសប្តាហ៍ក្រោយនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុន្នីរ៉េត មហាវិថីម៉ៅសេទុង តាមតំបន់ជុំវិញផ្សារដើមគរ និងតំបន់ពាក់ព័ន្ធជុំវិញតទៅទៀតនោះទេ។ ដើម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ លើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុង» ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានប្រកាសឱ្យអាជីវករលក់ដូរនៅតំបន់ទាំងនេះ ប្តូរទៅលក់នៅផ្សារបោះដុំបន្លែផ្លែឈើ ឬផ្សារដើមគរថ្មី ដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជំនួសវិញ។\nនៅក្នុងវីដេអូអប់រំរបស់រដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការងារជាច្រើនសម្រាប់ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ដងផ្លូវនេះជាហូរហែមកទទួលបានប្រសិទ្ធភាពជាច្រើនដែរហើយ។ ប៉ុន្តែយើងឃើញថានៅមានបញ្ហាប្រឈមហ្នឹង គឺនៅតំបន់ស្មុគស្មាញមួយចំនួននៅលើមហាវិថីម៉ៅសេទុង ផ្លូវមុន្នីរ៉េត ជាពិសេសនៅតំបន់ជុំវិញផ្សារដើមគរនេះតែម្តង»។ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអំពាវនាវដល់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករលក់ដូរជុំវិញផ្សារដើមគរចាស់ទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយ និងសហការអនុវត្តក្នុងការប្ដូរទៅប្រកបអាជីវកម្មនៅផ្សារដើមគរថ្មី។\nដើម្បីលើកទឹកចិត្តឱ្យអាជីវករធ្វើការផ្លាស់ប្តូរដោយស្ម័គ្រចិត្តទៅកាន់ទីតាំងផ្សារដើមគរថ្មីនោះ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រុមហ៊ុនសាងសង់ផ្សារដើមគរថ្មីនេះ ដើម្បីអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងការអំពាវនាវនេះ អាជីវករជាច្រើនបានបង្ហាញអារម្មណ៍វិជ្ជមាន និងសម្ដែងការពេញចិត្តចំពោះលក្ខខណ្ឌផ្សេងៗដែលផ្តល់ជូន ហើយបានស្ម័គ្រចិត្តប្តូរទៅលក់នៅផ្សារដើមគរថ្មី។ មិនតែប៉ុណ្ណោះ ពួកគាត់បានចូលរួមចាប់ឆ្នោតជ្រើសរើសកន្លែងលក់ដូរថ្មីរួចរាល់ហើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15554","languageVersionId":"12212","visibilityVersion":"2","versionToken":"a1.0wiaqkT27AhmnETtDkp6zSw7lde1r4XS4n0OyJ8Gzt0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-12T03:56:41Z"}