{"asset":"news","key":"4271","locale":"km","id":"news:4271:km","entityId":"news:4271","canonicalUrl":"https://www.kps-tv.com/km/news/detail/4271","state":"ready","title":"ខេត្ត៣ជាប់ព្រំដែនថៃទទួលបានជំនួយ១១លានដុល្លារពីជប៉ុនសម្រាប់ដោះមីន","summary":"ជប៉ុនផ្តល់ជំនួយឥតសំណង១.៧ពាន់លានយ៉េន សម្រាប់គម្រោងដោះមីនដំណាក់កាលទី៣របស់CMAC នៅបាត់ដំបង ពោធិ៍សាត់ និងកោះកុង ដោយគ្រោងផ្តល់ផលផ្ទាល់ដល់ជាង២៧.០០០គ្រួសារ។","body":"រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាតមីនក្នុងដំណាក់កាលទី៣នៅខេត្តគោលដៅចំនួន៣ដែលជាប់ព្រំដែនជាមួយថៃរួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ខណៈគិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុបចំនួន ១,៦៩៧ គីឡូម៉ែត្រក្រឡា។\nពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ រវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។\nបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហិរញ្ញប្បទាននេះ ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ (CMAC) ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១លានដុល្លារអាមេរិក។ គម្រោងនេះ សម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ខែមករា ២០២៦-១៥ មករា ២០២៨។\nឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបឱ្យដឹងថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀត។ បើតាមឯកឧត្តម ហេង រតនា ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។\nបន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀតជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15508","languageVersionId":"12074","visibilityVersion":"2","versionToken":"a1.XxNQiz1nTQX9aOkUj7iU5LJYck_t7B_9k3dn78PlwEM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-13T02:38:23Z"}