{"asset":"news","key":"4286","locale":"km","id":"news:4286:km","entityId":"news:4286","canonicalUrl":"https://www.kps-tv.com/km/news/detail/4286","state":"ready","title":"ដើមឆ្នាំ ២០២៦ រាជរដ្ឋាភិបាលសម្រេចផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច ២៤គម្រោង នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគជាង ២០៨លានដុល្លារ","summary":"កិច្ចប្រជុំថ្ងៃទី១៣ ខែមករា ក្រោមការដឹកនាំ ហ៊ាន សាហ៊ីប បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់២៤គម្រោង ទុនប្រមាណ២០៨លានដុល្លារ និងរំពឹងការងារប្រមាណ៣,១២០កន្លែង។","body":"ខេត្តព្រះសីហនុ៖ កិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដែលជាការលើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគនៅខេត្តព្រះសីហនុ ចំនួន ២៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១,០១៧ លានដុល្លារអាមេរិក បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ក្រោមការដឹកនាំដោយ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។\nជាលទ្ធផល អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៤ គម្រោង ក្នុងនោះ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៨ គម្រោង, គម្រោងវិនិយោគថ្មីចំនួន ១៥ គម្រោង និងគម្រោងពង្រីកចំនួន ១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣,១២០ កន្លែង។\nគម្រោងទាំង២៤នេះ រួមមានជាអាទិ៍ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិនអាហារ រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ រោងចក្រផលិតសម្ភារៈពេទ្យ គម្រោងរោងចក្រកែច្នៃម្សៅត្រី អគារពហុមុខងារ និងអគារស្នាក់នៅរួម។\nបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីក្រុមការងារសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងនានារួចហើយ ក្រុមការងារ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ និងសម្រួលនីតិវិធី ដើម្បីផ្តល់ការលើកទឹកចិត្តជាក់ស្តែងដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិនអាចដំណើរការវិនិយោគបានដោយរលូន។\nលោកបណ្ឌិតសភាចារ្យបានបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍បន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរយៈពេល ២ឆ្នាំ រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយបន្ថែមវិធានការចំនួន ៤ បន្ថែមទៀត ដើម្បីជំរុញសកម្មភាពវិនិយោគ និងធុរកិច្ច សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ។\nផ្អែកតាមនេះ ក្រុមការងារមានភារកិច្ចស្នូលចំនួន ៤ រួមមាន៖ ១. ផ្តល់គោលការណ៍លើកទឹកចិត្ត ២. ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានអតិបរមា និងពង្រឹងសមត្ថភាពកម្មករ និយោជិត និងផលិតករ រួមទាំងការផ្ទេរជំនាញ និងបច្ចេកវិទ្យា ៤. ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងការតភ្ជាប់ឧស្សាហកម្ម។\nសូមជម្រាបថា ក្នុងឆ្នាំ ២០២៤–២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ៤១២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧,៩៧១ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារបាន ៥២,០០៤ កន្លែង។ ក្នុងនោះ រួមមាន គម្រោងអគារជាប់គាំង ១៩៤ គម្រោង គម្រោងវិនិយោគថ្មី ១៧៨គម្រោង គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង។\nក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬស្នើសុំមកកាន់ក្រុមការងារ ដើម្បីទទួលបាន«អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ។\nវិនិយោគិនអាចទំនាក់ទំនងតាមការិយាល័យរបស់ក្រុមការងារ ដូចជា៖ ១. ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬទូរស័ព្ទ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង(+៨៥៥) ១៦ ៣២១ ០១០។ ២. ការិយាល័យរាជធានីភ្នំពេញ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី២១ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទូរស័ព្ទ (+៨៥៥) ៩៣ ៨៥៨ ៥៤៣។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15496","languageVersionId":"12038","visibilityVersion":"2","versionToken":"a1.I2Dy6cETrQqUrNQWts7ZEORdIGaPxYcPRGwuNcrl3n0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-13T08:59:51Z"}