{"asset":"news","key":"4295","locale":"km","id":"news:4295:km","entityId":"news:4295","canonicalUrl":"https://www.kps-tv.com/km/news/detail/4295","state":"ready","title":"ហ្វូងក្ងោកបៃតងប្រមាណ២០ក្បាលត្រូវបានប្រទះឃើញក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់","summary":"មន្ត្រីឧទ្យានុរក្ស និងគម្រោងរបស់ក្រសួងបរិស្ថាន បានប្រទះឃើញក្ងោកបៃតងប្រមាណ២០ក្បាលពេលល្បាតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា។","body":"កាលពីថ្ងៃទី១២ ខែមករា មន្ត្រីឧទ្យានុរក្ស បានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត (SMART) បានប្រទះឃើញហ្វូងក្ងោកបៃតងប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។\nសត្វក្ងោកបៃតង ឬក្ងោក (ឈ្មោះអង់គ្លេស៖ Green Peafowl ឈ្មោះវិទ្យាសាស្រ្ត៖ Pavo muticus) ស្ថិតក្នុងក្រុមប្រភេទសត្វដោយកម្រ តាមចំណាត់ថ្នាក់ប្រទេសកម្ពុជា និងបានចុះក្នុងបញ្ជីក្រហមអាយយូស៊ីអិន IUCN (EN) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញាសាយតេស CITES។ ក្ងោកប្រភេទនេះ កំពុងប្រឈមរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ទីជម្រក។ ប៉ុន្តែការរស់នៅសុខសាន្តរបស់សត្វក្ងោកបៃតងជាមួយជីវៈចម្រុះនេះ បានបញ្ជាក់ឱ្យឃើញថាសត្វព្រៃនិងជីវៈចម្រុះផ្សេងៗទៀត នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានការពារនិងថែរក្សាបានល្អ និងធ្វើឱ្យមានវត្តមានសត្វព្រៃកើនឡើង ខណៈក្រសួងបរិស្ថាន បានចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន។\nក្ងោកបៃតងឈ្មោលមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និងខ្លួនមានពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវ ដូចជាភ្នែករាប់រយ ហើយញីមានរូបរាងស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ ក្ងោកមានវត្តមាននៅស្ទើគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃឬស្សី ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15490","languageVersionId":"12020","visibilityVersion":"2","versionToken":"a1.2HW9jDYq-KP51FII74qExpbfnahIPzVAuvgRYWBxNfE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T03:06:53Z"}