# ហ្វូងក្ងោកបៃតងប្រមាណ២០ក្បាលត្រូវបានប្រទះឃើញក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4295>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15490","languageVersionId":"12020","visibilityVersion":"2","versionToken":"a1.2HW9jDYq-KP51FII74qExpbfnahIPzVAuvgRYWBxNfE"}

Original publication: 2026-01-14T03:06:53Z

មន្ត្រីឧទ្យានុរក្ស និងគម្រោងរបស់ក្រសួងបរិស្ថាន បានប្រទះឃើញក្ងោកបៃតងប្រមាណ២០ក្បាលពេលល្បាតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា។

កាលពីថ្ងៃទី១២ ខែមករា មន្ត្រីឧទ្យានុរក្ស បានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត (SMART) បានប្រទះឃើញហ្វូងក្ងោកបៃតងប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
សត្វក្ងោកបៃតង ឬក្ងោក (ឈ្មោះអង់គ្លេស៖ Green Peafowl ឈ្មោះវិទ្យាសាស្រ្ត៖ Pavo muticus) ស្ថិតក្នុងក្រុមប្រភេទសត្វដោយកម្រ តាមចំណាត់ថ្នាក់ប្រទេសកម្ពុជា និងបានចុះក្នុងបញ្ជីក្រហមអាយយូស៊ីអិន IUCN (EN) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញាសាយតេស CITES។ ក្ងោកប្រភេទនេះ កំពុងប្រឈមរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ទីជម្រក។ ប៉ុន្តែការរស់នៅសុខសាន្តរបស់សត្វក្ងោកបៃតងជាមួយជីវៈចម្រុះនេះ បានបញ្ជាក់ឱ្យឃើញថាសត្វព្រៃនិងជីវៈចម្រុះផ្សេងៗទៀត នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានការពារនិងថែរក្សាបានល្អ និងធ្វើឱ្យមានវត្តមានសត្វព្រៃកើនឡើង ខណៈក្រសួងបរិស្ថាន បានចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន។
ក្ងោកបៃតងឈ្មោលមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និងខ្លួនមានពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវ ដូចជាភ្នែករាប់រយ ហើយញីមានរូបរាងស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ ក្ងោកមានវត្តមាននៅស្ទើគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃឬស្សី ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


