{"asset":"news","key":"4322","locale":"km","id":"news:4322:km","entityId":"news:4322","canonicalUrl":"https://www.kps-tv.com/km/news/detail/4322","state":"ready","title":"JBC៖ថៃសុំលើកពេលជាលើកទី២តែកម្ពុជាបន្តស្នើលើកទី៣ឱ្យបញ្ជូនក្រុមវាស់វែងចម្រុះចុះលើដីជាក់ស្តែងឡើងវិញ","summary":"ថៃស្នើពន្យារJBCជាលើកទី២ ខណៈកម្ពុជាស្នើឱ្យក្រុមវាស់វែងត្រឡប់ធ្វើការនៅថ្ងៃទី១៩-២៣ មករា និងសាងសង់បង្គោល១៥ឡើងវិញនៅថ្ងៃទី២៦-៣០ មករា តាមពេលវេលាសមស្រប។","body":"តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅយប់ថ្ងៃទី១៤ ខែមករា បានឱ្យដឹងថា ភាគីថៃបានស្នើលើកពេលសាជាថ្មី ជាលើកទី២ មិនចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលកម្ពុជាស្នើរៀបចំនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមហេតុផលរងចាំនីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្រ្តីថៃថ្មីត្រូវបានបង្កើតឡើង ក្រោមការបោះឆ្នោតសភានៅដើមខែកុម្ភៈខាងមុខ។\nទោះបីជាយ៉ាងណា ដើម្បីពន្លឿន ការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 ដែលជាតំបន់ក្តៅក្នុងសង្គ្រាមរយៈពេល២១ថ្ងៃ នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់នៃការចុះលើដីជាក់ស្តែង។\nមិនតែប៉ុណ្ណោះ ភាគីកម្ពុជា ស្នើចាត់បញ្ចូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។\nសូមបញ្ជាក់ថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្ដើមធ្វើការវាស់វែងនិង បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាកកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15467","languageVersionId":"11951","visibilityVersion":"2","versionToken":"a1.jc0hjie-ffQiq2MJCsPwFosLJSmQUAwvGjAfWtxH3Js"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T02:34:33Z"}