{"asset":"news","key":"4327","locale":"km","id":"news:4327:km","entityId":"news:4327","canonicalUrl":"https://www.kps-tv.com/km/news/detail/4327","state":"ready","title":"ចៅហ្វាយខេត្តកំពង់ចាមព្រមានចាត់វិធានការច្បាប់លើក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីដែលមិនគោរពច្បាប់","summary":"រដ្ឋបាលខេត្តកំពង់ចាមណែនាំឱ្យពិនិត្យទីតាំងជីកនិងចាក់ដី ឯកសារកាន់កាប់ និងការប៉ះពាល់ដីសាធារណៈ ហើយព្រមានចាត់វិធានការចំពោះការបំពាន។","body":"អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ព្រមានចាត់វិធានការក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីតាមផ្លូវច្បាប់ជាធរមាន ក្រោយសង្កេតឃើញក្រុមហ៊ុនទាំងនោះមួយចំនួនធ្វើសកម្មភាពមិនគោរពតាមច្បាប់ត្រឹមត្រូវ។\nបើតាមសេចក្តីណែនាំដែលទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយមើលឃើញពីការអភិវឌ្ឍរបស់ខេត្តមានសន្ទុះលឿនគួរឱ្យកត់សម្គាល់ ហើយការជីកយកអាចម៍ដីដើម្បីចាក់បំពេញលើទីតាំងនៃការអភិវឌ្ឍនោះ ដូចជា រោងចក្រ សហគ្រាស លំនៅដ្ឋានជាដើម គឺមានការកើនឡើង។ ចំណែកក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីក៏មានកាន់តែកើនឡើង ខណៈមានក្រុមហ៊ុនមួយចំនួនធំបានគោរពច្បាប់ និងក្រុមហ៊ុនមួយចំនួនតូចមិនបានគោរពច្បាប់ត្រឹមត្រូវ។\nដូច្នេះ ដើម្បីធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យរដ្ឋបាលក្រុង-ស្រុក ពិនិត្យទីតាំងដីនៃការស្នើសុំធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយធានាថា មិនប៉ះពាល់ដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់ការជីកកាយ ផ្លាស់ប្តូរស្ថានភាពដី និងជីកយកអាចម៍ដីចំពោះប្រភេទដីអាស្រ័យផលគ្រប់ប្រភេទ។\nចំណែកការស្នើសុំចាក់បំពេញអាចម៍ដី អាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យរាល់សំណុំឯកសារកាន់កាប់ដី (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដើម្បីឱ្យប្រាកដថា ទីតាំងដីជាកម្មវត្ថុនៃការស្នើសុំគឺតែមួយ។ ករណីការធ្វើអាជីវកម្មនៅទីតាំងដីសាធារណៈរបស់រដ្ឋ ត្រូវពិនិត្យ សម្រេចពីអង្គភាពជំនាញពាក់ព័ន្ធ និងស្នើសុំគោលការណ៍ឯកភាពពីឯកឧត្តមអភិបាលខេត្តជាមុន។ ក្នុងករណីពិនិត្យឃើញថា មានការបំពានចំណុចខាងលើ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15463","languageVersionId":"11939","visibilityVersion":"2","versionToken":"a1.203PW9cLS5tWq5CWHjBxTr4YKRmgLzUe1Rd1jiu-7OE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T03:48:22Z"}