{"asset":"news","key":"4338","locale":"km","id":"news:4338:km","entityId":"news:4338","canonicalUrl":"https://www.kps-tv.com/km/news/detail/4338","state":"ready","title":"មន្ត្រីស៊ីម៉ាក់ជា«វីរជនស្វែងរកកន្លែងសុវត្ថិភាពជូនពលរដ្ឋ»","summary":"អភិបាលខេត្តឧត្ដរមានជ័យលើកសរសើរមន្ត្រីស៊ីម៉ាក់ និងណែនាំឱ្យគោរពបទដ្ឋានបច្ចេកទេសនិងថែរក្សាសុខភាព ខណៈតំបន់គោលដៅ១៤៥ភូមិត្រូវបានស្រាវជ្រាវនិងដាក់ស្លាកសញ្ញា។","body":"ឯកឧត្តម មាន ចាន់យ៉ាដា បានចាត់ទុកមន្ត្រីស៊ីម៉ាក់គឺជា «វីរជន ស្វែងរកកន្លែងសុវត្ថិភាពជូនពលរដ្ឋ»។ ឯកឧត្តមអភិបាលខេត្តឧត្ដរមានជ័យ លើកឡើងដូច្នេះ នៅថ្ងៃទី១៤ ខែមករាក្នុងឱកាសជួបសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដែលបានពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ។\nបើតាមឯកឧត្តម មាន ចាន់យ៉ាដា ការងារបោសសម្អាតមីន មិនមែនគ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំប្លែងដីដែលបង្កហានិភ័យឱ្យទៅជាតំបន់សេដ្ឋកិច្ច ការដាំដុះ និងការតាំងទីលំនៅថ្មី ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។\n«មន្ត្រីស៊ីម៉ាក់ គឺជាវីរជនដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី ដើម្បីដកយកគ្រាប់រំសេវដែលបង្កប់ក្នុងដី ចេញពីជីវិតរបស់ប្រជាជន។ បើគ្មានពួកគាត់ទេ យើងក៏មិនអាចមានដីដែលមានសុវត្ថិភាពសម្រាប់សាងសង់លំនៅឋាន សាលារៀន ឬអភិវឌ្ឍន៍វិស័យកសិកម្មបានដូចសព្វថ្ងៃដែរ»។ នេះបើតាមអភិបាលខេត្តឧត្ដរមានជ័យបញ្ជាក់បន្ថែម។\nដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលបំពេញបេសកកម្មដ៏គ្រោះថ្នាក់នេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីស៊ីម៉ាក់ទាំងអស់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានខ្ជាប់ខ្ជួនបំផុត និងត្រូវថែរក្សាសុខភាពឱ្យបានល្អ។ \nយ៉ាងណា តំបន់នៅតាមភូមិគោលដៅរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានដោយយោធាថៃចំនួន ១៤៥ភូមិ ត្រូវបានស្រាវជ្រាវ និងដាក់ស្លាកសញ្ញា។ ក្នុងនោះ រកឃើញទីតាំងនិងដាក់ស្លាកសញ្ញាបានចំនួន៨២៤ទីតាំង, រកឃើញគ្រាប់លើដីនិងដាក់ស្លាកសញ្ញាបានចំនួន៥៧ទីតាំង, រកឃើញគ្រាប់ក្នុងដីនិងដាក់ស្លាកសញ្ញាបានចំនួន៦៤ទីតាំង និងរកឃើញរណ្តៅគ្រាប់ផ្ទុះនិងដាក់ស្លាកសញ្ញាបានចំនួន៧០៣ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនកម្ពុជា (CMAC) ប្រចាំខេត្តឧត្ដរមានជ័យ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15454","languageVersionId":"11912","visibilityVersion":"2","versionToken":"a1.4rcgp2KYAZ0qEgVTwIlPkN65MWA9PVwoeIB5aq0L9g8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T09:19:16Z"}